នៅទូទាំងតំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនទាំងបុរស ស្ត្រី ចាស់ ក្មេង ទាំងអ្នកជំងឺ និងអ្នកមានសុខភាពល្អ បានពណ៌នាពីភាពភ័យខ្លាច តក់ស្លុត អស់សង្ឃឹម និងច្របូកច្របល់ ខណៈពលរដ្ឋនៅដែនដីហ៊ុមព័ទ្ធនេះប្រឈមនឹងការបំផ្លិចបំផ្លាញជាថ្មី បន្ទាប់ពីការវិលត្រឡប់នៃសកម្មភាពយោធាយ៉ាងហិង្សារបស់អ៊ីស្រាអែល ក្នុងពេលពីរថ្ងៃកន្លងមកនេះ។

អ្នកស្រុកនៅតំបន់ឆ្នេរ al-Mawasi នៃដែនដីហ្កាហ្សា ដែលត្រូវបានកំណត់ថាជា "តំបន់មនុស្សធម៌" នៅដើមដំបូងនៃជម្លោះ ប៉ុន្តែចាប់តាំងពីពេលនោះមកក្លាយជាទីតាំងមានមនុស្សច្រើនលើសលប់ និងអនាម័យមិនល្អ បាននិយាយថា "ក្តីសង្ឃឹមរបស់ពួកគេបានកើនឡើងបន្តិចពេលមានបទឈប់បាញ់ ប៉ុន្តែពេលនេះ គ្រប់យ៉ាងត្រូវរលាយអស់ហើយ"។

ការវាយប្រហារតាមអាកាសដ៏ធំរបស់អ៊ីស្រាអែល បានបំផ្លាញបទឈប់បាញ់រយៈពេលពីរខែកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានសម្លាប់មនុស្សជាង ៤០០នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលព្រមានថា យោធាកំពុងរៀបចំពង្រឹងការវាយលុកថ្មីរបស់ខ្លួន ហើយក្រោយមក យោធាអ៊ីស្រាអែលក៏ចាប់ផ្ដើមប្រតិបត្តិការជើងគោកមានកំណត់ថ្មីមួយ។

នៅតំបន់ Mawasi ជំរំតង់ដែលធ្លាប់តែមានមនុស្សកុះករលាតសន្ធឹងតាមបណ្តោយឆ្នេរទាំងមូល ត្រូវបានទទេស្អាតនៅពេលមានបទឈប់បាញ់កាលពីខែមករា ដោយមនុស្សជិតកន្លះលាននាក់ត្រឡប់ទៅភាគខាងជើងហ្កាហ្សាវិញ ដើម្បីសាងសង់ផ្ទះសម្បែងដែលខូចខាតរបស់ពួកគេ។ ប៉ុន្តែឥឡូវនេះ មនុស្សជាច្រើនបានរត់ភៀសខ្លួនត្រលប់មកវិញ ដោយបង្កើតជំរំតង់ម្តងទៀតនៅលើវាលខ្សាច់ ដើម្បីគេចពីការទម្លាក់គ្រាប់បែកជាថ្មី៕