ហ្វាំងឡង់ ជាប់ឈ្មោះជាប្រទេសមានសុភមង្គលបំផុតក្នុងពិភពលោក សម្រាប់ឆ្នាំទី៨ ជាប់ៗគ្នា នេះបើយោងតាមរបាយការណ៍តាមដានសុភមង្គលពិភពលោកសម្រាប់ឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (២០ មីនា) នេះ ខណៈពិន្ទុរបស់សហរដ្ឋអាមេរិក បានថយចុះខ្លាំង ដែលរុញទម្លាក់ប្រទេសនេះឱ្យធ្លាក់ដល់ចំណុចទាបបំផុតមិនធ្លាប់មាន។
បណ្ដាប្រទេសអឺរ៉ុបខាងជើងផ្សេងទៀត ក៏ជាប់ចំណាត់ថ្នាក់ល្អនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវសុខុមាលភាពនៅសាកលវិទ្យាល័យ Oxford ដោយក្រៅពីហ្វាំងឡង់ គឺមានដាណឺម៉ាក អ៊ីស្លង់ និងស៊ុយអែត ដែលជាក្រុមកំពូលទាំងបួន និងស្ថិតក្នុងលំដាប់ល្អរៀងគ្នា។
នៅពេលនិយាយពីការថយចុះនៃសុភមង្គល ឬកំណើនភាពមិនសប្បាយចិត្ត អាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅលេខរៀងទី២៤ ពីចំណាត់ថ្នាក់ទី១១ ពីមុនក្នុងឆ្នាំ២០១២ ហើយរបាយការណ៍នេះបានបង្ហាញពីភាពគ្មានសុភមង្គលយ៉ាងខ្លាំងរបស់ពលរដ្ឋអាមេរិក ទោះបីជាកំពុងរស់នៅក្នុងប្រទេសសេដ្ឋកិច្ចទីមួយរបស់ពិភពលោកក៏ដោយ។ អាហ្វហ្គានីស្ថាន ត្រូវបានចាត់ថ្នាក់ម្តងទៀតថាជាប្រទេសគ្មានសុភមង្គលបំផុតក្នុងពិភពលោក ដោយស្ត្រីអាហ្វហ្គានីស្ថាននិយាយថា ជីវិតរបស់ពួកគេលំបាកជាខ្លាំង។
គួរបញ្ជាក់ថា ចំណាត់ថ្នាក់នេះគឺផ្អែកលើចម្លើយដែលប្រជាជនផ្តល់ឱ្យ នៅពេលសាកសួរវាយតម្លៃពីជីវិតរបស់ពួកគេ ដោយវាស់វែងការគាំទ្រសង្គម ប្រាក់ចំណូល សុខភាព សេរីភាព ចិត្តសប្បុរស និងអវត្តមាននៃអំពើពុករលួយ ដើម្បីកំណត់សុភមង្គលជាតិរបស់ប្រទេសមួយ។ អ្នកស្រាវជ្រាវនិយាយថា លើសពីសុខភាព និងទ្រព្យសម្បត្តិ កត្តាសាមញ្ញមួយចំនួនទៀតដែលជះឥទ្ធិពលលើសុភមង្គលរួមមាន ការចែករំលែកអាហារជាមួយអ្នកដ៏ទៃ ការមាននរណាម្នាក់គាំទ្រក្នុងសង្គម និងភាពរីករាយក្នុងគ្រួសារ៕