សហរដ្ឋអាមេរិក បានវាយប្រហារគោលដៅនៅទូទាំងប្រទេសយេម៉ែនក្នុងការវាយប្រហារតាមផ្លូវអាកាសទាំងយប់ រួមទាំងខេត្តសាដា (Saada) ដែលប្រភពយេម៉ែននិយាយថាជាកន្លែងលាក់ខ្លួនជាយូរមកហើយសម្រាប់មេដឹកនាំក្រុម ហ៊ួទី មានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និងទីក្រុងកំពង់ផែ Hodeidah នៅសមុទ្រក្រហម។
ទូរទស្សន៍ Al Masirah គ្រប់គ្រងដោយក្រុមហ៊ួទី បានរាយការណ៍ថាមានការវាយប្រហារច្រើនជាង ១០លើកលើទីតាំងផ្សេងៗគ្នា រួមទាំងសង្កាត់ Al-Safra នៃខេត្តសាដា ផងដែរ។ យោងតាមប្រភពពីប្រទេសយេម៉ែនបានឱ្យដឹងថា តំបន់នេះជាកន្លែងផ្ទុកអាវុធ និងកន្លែងហ្វឹកហ្វឺន ហើយត្រូវបានចាត់ទុកថាជាបន្ទាយយោធាដ៏សំខាន់ និងរឹងមាំបំផុតរបស់ក្រុមមួយនេះ។
ជាមួយគ្នានោះ ទូរទស្សន៍ខាងលើនិយាយថា អាមេរិក បានដាក់គោដៅជាច្រើនលើរដ្ឋធានីសាណា កាលពីថ្ងៃពុធសប្ដាហ៍នេះ។ការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ជុំវិញការវាយប្រហាររបស់ក្រុមនេះប្រឆាំងនឹងការដឹកជញ្ជូនតាមសមុទ្រក្រហម គឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីប្រធានាធិបតី Donald Trump ចូលកាន់តំណែងជាថ្មីកាលពីខែមករា។
ក្រុមហ៊ួទីបានបើកការវាយប្រហារជាង១០០ លើកលើការដឹកជញ្ជូន បន្ទាប់ពីសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសបានចាប់ផ្តើមកាលពីចុងឆ្នាំ ២០២៣ ដោយនិយាយថាពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងដែនដីហ្កាហ្សា។ ការវាយប្រហារនេះបានបង្អាក់ពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យអាមេរិកចំណាយច្រើនលើយុទ្ធនាការស្ទាក់ចាប់មីស៊ីល និងវាយប្រហារលើក្រុមនេះជាបន្តបន្ទាប់។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ពីររូបបានប្រាប់សារព័ត៌មាន Reuters ថា អ៊ីរ៉ង់បានផ្ញើសារផ្ទាល់មាត់ទៅកាន់បេសកជនហ៊ួទី នៅទីក្រុងតេអេរ៉ង់ សុំឱ្យក្រុមនេះបន្ធូរបន្ថយភាពតានតឹង៕