មន្ត្រីទីក្រុងមូស្គូ និងទីក្រុងគីវ បាននិយាយ កាលពីថ្ងៃពុធ ថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរទាហាន ៣៧២នាក់ ជាការដោះដូរឈ្លើយសឹកសង្គ្រាមដែលត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។
ការដោះដូរឈ្លើយសឹក និងការដោះដូរអដ្ឋិធាតុទាហានដែលបានស្លាប់ គឺជាផ្នែកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសមានសង្រ្គាមទាំងពីរ ចាប់តាំងពីវិមានក្រឹមឡាំង ចាប់ផ្តើមការឈ្លានពានលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២។
វិមានក្រឹមឡាំងបានប្រកាសពីការដោះដូរ បន្ទាប់ពីការសន្ទនារវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ក្រសួងបានប្រគល់ឈ្លើយសឹកសង្គ្រាមអ៊ុយក្រែនចំនួន១៧៥នាក់ និងឈ្លើយសឹករងរបួសធ្ងន់២២នាក់ ខណៈទីក្រុងគីវ បានប្រគល់ឈ្លើយសឹករុស្ស៊ី១៧៥នាក់ជាថ្នូរ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសាទរចំពោះការដោះដូរនេះ ប៉ុន្តែបាននិយាយថា ក្នុងចំណោមជនជាតិអ៊ុយក្រែនមួយចំនួនដែលត្រូវបានដោះលែង ត្រូវបានរុស្ស៊ី«ធ្វើទុក្ខបុកម្នេញ»។
មេដឹកនាំអ៊ុយក្រែន ដែលបានអំពាវនាវឱ្យមានការដោះដូរទាំងអស់ ជាមួយរុស្ស៊ី ជាផ្នែកមួយនៃការចរចាបទឈប់បាញ់ ដែលបានអរគុណដល់ប្រទេសអារ៉ាប់រួមសម្រាប់ការសម្របសម្រួល និងបានប្តេជ្ញាថានឹងនាំឈ្លើយសឹកទាំងអស់ត្រឡប់មកវិញ។