ក្រុមអ្នកតវ៉ានៅទីក្រុងអង់ការ៉ា ដោយហ្វូងមនុស្សយ៉ាងច្រើនកកកុញ ធ្វើបាតុកម្មប្រឆាំងការឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល បានបន្តរហូតដល់ពេលយប់កាលពីថ្ងៃពុធ។ មនុស្សរាប់រយនាក់ បានស្រែកពាក្យប្រឆាំងរដ្ឋាភិបាល ដោយនគរបាលបានប្រើប្រាស់ការបាញ់ម្សៅម្រេច ដើម្បីបំបែកក្រុមបាតុករ។
ការតវ៉ា និងការប្រមូលផ្តុំគ្នា ច្រើនកន្លែង ក៏បានកើតឡើងនៅក្នុងទីក្រុងមួយចំនួនទៀតផងដែរ។ ប្រទេសទួរគី បានឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងសំខាន់របស់ប្រធានាធិបតី លោក Tayyip Erdogan ដោយចោទប្រកាន់ពីបទពុករលួយ និងផ្តល់ជំនួយដល់ក្រុមភេរវកម្ម ជាអ្វីដែលគណបក្សប្រឆាំងធំកាលពីថ្ងៃពុធហៅថា «រដ្ឋប្រហារប្រឆាំងប្រធានាធិបតីបន្ទាប់របស់ខ្លួន»។
ជាមួយគ្នានេះ និស្សិតរាប់រយនាក់ បានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងអង់ការ៉ា ខណៈពួកគេតវ៉ាចំពោះការឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល។ នគរបាល បានប្រើម្សៅម្រេចបាញ់ដើម្បីបំបែកក្រុមនិស្សិតសាកលវិទ្យាល័យបច្ចេកទេសមជ្ឈិមបូព៌ា (METU)។