ម៉ាឡេស៊ី បានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរុករកផ្លូវសមុទ្រ Ocean Infinity ដើម្បីបន្តប្រតិបត្តិការស្វែងរកបំណែកនៃយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ខ្លួនអស់ជាច្រើនឆ្នាំ នេះបើតាមកាលលើកឡើងរបស់រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីកាលពីថ្ងៃពុធ (១៩ មីនា)។
ជើងហោះហើរ MH370 ដែលជាយន្តហោះប៊ូអ៊ីង៧៧៧ បានដឹកអ្នកដំណើរចំនួន ២២៧នាក់ និងបុគ្គលិក ១២នាក់ នៅពេលដែលយន្តហោះនេះបានបាត់ខ្លួនក្នុងអំឡុងពេលហោះហើរពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង ក្នុងឆ្នាំ២០១៤ ក្នុងអាថ៌កំបាំងអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក។
លោករដ្ឋមន្ត្រី Loke Siew Fook បាននិយាយថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យចាប់ផ្តើមប្រតិបត្តិការរុករកបាតសមុទ្រនៅក្នុងទីតាំងថ្មីមួយ ដែលត្រូវបានប៉ាន់ប្រមាណថានឹងគ្របដណ្តប់លើផ្ទៃដី ១៥.០០០គីឡូម៉ែត្រក្រឡា នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ដោយផ្អែកលើគោលការណ៍ "រកមិនឃើញ មិនគិតថ្លៃ" ហើយក្រុមហ៊ុន Ocean Infinity នេះនឹងទទួលបាន ៧០លានដុល្លារ ប្រសិនបើបំណែកយន្តហោះត្រូវបានរកឃើញដោយជោគជ័យ។
រដ្ឋាភិបាលកាលពីខែធ្នូបាននិយាយថា ខ្លួនបានយល់ព្រមជាគោលការណ៍ជាមួយនឹងសំណើរបស់ Ocean Infinity ដើម្បីបន្តស្វែងរក MH370 ឡើងវិញ។ ក្រុមហ៊ុននេះក៏ជាអ្នកធ្វើការស្វែងរកចុងក្រោយសម្រាប់យន្តហោះនេះ ប៉ុន្តែបានបញ្ចប់ទៅវិញកាលឆ្នាំ២០១៨ ដោយសារបរាជ័យក្នុងការប៉ុនប៉ងចំនួនពីរលើក៕