ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (១៩ មីនា) ថា នៅតែមានសំណើជាស្ពានមួយដែលនឹងបន្តបទឈប់បាញ់នៅដែនដីហ្កាហ្សា ប៉ុន្តែឱកាសសម្រាប់សំណើនេះ "អាចបាត់បង់ទៅយ៉ាងឆាប់រហ័ស" ។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា សំណើនេះនឹង "មើលឃើញការដោះលែងចំណាប់ថ្នូរនៅរស់ ៥នាក់ រួមទាំងជនជាតិអាមេរិកម្នាក់ផងដែរ ហើយក៏នឹងមើលឃើញការដោះលែងជនជាតិប៉ាឡេស្ទីនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល"។

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការជើងគោកឡើងវិញនៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសពីរថ្ងៃចុងក្រោយនោះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ នៅក្នុងសកម្មភាពយោធាដ៏បង្ហូរឈាមបំផុតមួយ ដែលបានបំផ្លាញបទឈប់បាញ់រយៈពេលជិតពីរខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា សំណើថ្មីនេះមានលក្ខណៈ "គួរឱ្យទាក់ទាញ" ហើយបញ្ជាក់ជាថ្មីថាទីក្រុងវ៉ាស៊ីនតោន បន្តឈរនៅខាងសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួនជានិច្ច៕