បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសថ្មីៗរបស់អ៊ីស្រាអែល ក្នុងសប្ដាហ៍នេះ ទៅលើតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ អង្គការការពារសិទ្ធិកុមារប៉ាឡេស្ទីន បានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា កុមារចំនួន ១៧៤នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនោះ ដោយលើកឡើងថា "នោះជាថ្ងៃដ៏បង្ហូរឈាមបំផុតសម្រាប់កុមារប៉ាឡេស្ទីនក្នុងប្រវត្តិសាស្ត្រ" ខណៈចោទអ៊ីស្រាអែល បានមានចេតនាកំណត់គៅលដៅលើកុមារ។

ការទម្លាក់គ្រាប់បែកថ្មីនេះ កើតឡើងបន្ទាប់ពីមានការចោទប្រកាន់ថាអ៊ីស្រាអែល បានរំលោភលើលក្ខខណ្ឌឈប់បាញ់ម្តងហើយម្តងទៀត ហើយក៏កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរបាយការណ៍មួយដោយអង្គការសហប្រជាជាតិបាននិយាយថា អ៊ីស្រាអែល "កំពុងមានចេតនាធ្វើឱ្យប៉ះពាល់ដល់លក្ខខណ្ឌនៃជីវិត ដែលត្រូវបានប្រើដើម្បីបំផ្លិចបំផ្លាញពលរដ្ឋប៉ាឡេស្ទីនជាក្រុម"។

របាយការណ៍ថ្ងៃទី ១៣ ខែមីនា របស់គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ របស់អង្គការសហប្រជាជាតិស្តីពីទឹកដីកាន់កាប់ប៉ាឡេស្ទីន បានចោទប្រកាន់ថា ទង្វើដោយចេតនានេះមានគោលបំណងប្រឆាំងនឹងម្តាយ និងកុមារ រួមទាំងការបំផ្លិចបំផ្លាញគ្លីនិកសម្ភពសំខាន់របស់ហ្កាហ្សា ហើយនិយាយថា នេះជា "អំពើប្រល័យពូជសាសន៍នៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូម និងអនុសញ្ញាប្រល័យពូជសាសន៍" ប៉ុន្តែអ៊ីស្រាអែលបដិសេធ។

ចន្លោះពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ មានកុមារយ៉ាងហោចណាស់ ១៨.០០០នាក់ ស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីនជាង ៤៦.០០០នាក់ ដែលត្រូវបានសម្លាប់នៅហ្កាហ្សា នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយក្រសួងសុខាភិបាលហ្កាហ្សា។ តួលេខទាំងពីរនេះទំនងជារាប់មិនអស់នោះទេ ព្រោះមានសាកសពជាច្រើននៅតែកប់ក្រោមគំនរបាក់បែក៕