គណៈកម្មការអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការប្រើប្រាស់ «ដ៏រាលដាល និងលក្ខណៈជាប្រព័ន្ធ« របស់រុស្ស៊ី លើការបាត់ខ្លួនដោយបង្ខំ និងការធ្វើទារុណកម្ម លើពលរដ្ឋអ៊ុយក្រែន អំឡុងពេលការវាយលុកពេញបន្ទុកលើប្រទេសអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

យោងតាមរបាយការណ៍ថ្មីរបស់គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនស៊ីវិលមួយចំនួនធំ ត្រូវបានឃុំខ្លួននៅក្នុងតំបន់នានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ឬត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី ដែលក្រោយមកមនុស្សមួយចំនួនទទួលរងការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ។

ប្រធានគណៈកម្មាការ លោក Erik Mose បានប្រាប់អ្នកសាររព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «គណៈកម្មការបានសន្និដ្ឋានថា ការបាត់ខ្លួនដោយបង្ខំរបស់ជនស៊ីវិល ត្រូវបានប្រព្រឹត្តស្របទៅតាមគោលនយោបាយរដ្ឋដែលត្រូវបានសម្របសម្រួល ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ បេសកកម្មរបស់រុស្ស៊ី នៅទីក្រុងហ្សឺណែវ បាននិយាយថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើ «របាយការណ៍នយោបាយភាគីតែម្ខាង និងជាលក្ខណៈនយោបាយ នោះទេ។ កាលពីពេលមុន រុស្ស៊ីបានបដិសេធការធ្វើទារុណកម្ម ឬទម្រង់ផ្សេងៗទៀតនៃការធ្វើបាបឈ្លើយសឹកសង្គ្រាម។
លោក Mose បាននិយាយថា ប្រទេសរុស្ស៊ីមិនបាននិយាយពីទំនាក់ទំនងពីទីកន្លែងរបស់មនុស្សដែលបានបាត់ខ្លួននោះ ដោយក្រុមគ្រួសារអ៊ុយក្រែនប្រឈមភាពមិនច្បាស់លាស់ដ៏ឱ្យឈឺចាប់។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បាននិយាយកាលពីខែកុម្ភៈថា មនុស្ស៥០.០០០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។