សង្គ្រាមពាណិជ្ជកម្មរបស់អឺរ៉ុប ជាមួយសហរដ្ឋអាមេរិក មិនទាន់ចាប់ផ្ដើមស្រួលបួលផង ពេលនេះបណ្ដាមេដឹកនាំសហភាពអឺរ៉ុបមួយចំនួនកំពុងទម្លាក់អាវុធ ហើយរត់ចេញពីសមរភូមិទាំងមិនទាន់ច្បាំង ក្នុងបំណងគេចពីការដាក់ទណ្ឌកម្មពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រឆាំងនឹងអ្នកនាំចេញរបស់ពួកគេ។

ភាពរកាំរកូសកើនឡើងយ៉ាងបើកចំហ ចាប់តាំងពីនាយកប្រតិបត្តិសហភាពអឺរ៉ុប បានប្រកាសថាខ្លួននឹងសងសឹកប្រឆាំងនឹងការដំឡើងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិក ដោយមេដឹកនាំបារាំង អ៊ីតាលី និងអៀរឡង់ បានរិះគន់ជាសាធារណៈនូវយុទ្ធសាស្រ្តរបស់ប្លុក ដែលរាប់បញ្ចូលទាំងការដំឡើងពន្ធឡើងវិញលើស្រាវីស្គីអាមេរិក ចាប់ពីដើមខែមេសា ខាងមុខនេះ។

បន្ថែមពីលើនេះ គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ចង់បន្ថែមជុំទីពីរនៃពន្ធសងសឹក ដែលមានតម្លៃ ១៨ពាន់លានអឺរ៉ូលើការនាំចេញរបស់អាមេរិក ត្រឹមថ្ងៃទី១៣ ខែមេសា ខណៈលោក Trump គំរាមបន្ថែមពន្ធ ២០០% លើគ្រឿងស្រវឹងទាំងអស់ដែលមកពីអឺរ៉ុប។ អ៊ីតាលី ឥឡូវនេះកំពុងព្រមានប្រឆាំងនឹង "ការសងសឹកទៅមកដ៏កាចសាហាវ" នៃជម្លោះពាណិជ្ជកម្ម ហើយបារាំង បានចោទគណៈកម្មការអឺរ៉ុបថា "វាយខុសគោលដៅ" ខណៈអៀរឡង់ ក៏បង្កើនការរិះគន់សហភាពអឺរ៉ុប។

មិនមែនជារឿងចៃដន្យទេដែលប្រទេសទាំងនេះប្រតិកម្ម ដោយសារតែបារាំង អ៊ីតាលី អេស្ប៉ាញ ហូឡង់ និងអៀរឡង់ គឺជាប្រទេសសហភាពអឺរ៉ុបដែលនាំចេញស្រាច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិក ហើយក៏ជាអ្នករងគ្រោះខ្លាំងទៅនឹងការដំឡើងពន្ធគ្រឿងស្រវឹង ដែលលោក Trump បានគំរាមកំហែងផងដែរ៕