ក្រុមអ្នកជំនាញបម្រែបម្រួលអាកាសធាតុ ត្រូវបានកោះប្រជុំនៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីវិធីផ្សារភ្ជាប់គម្លាតហិរញ្ញវត្ថុអាកាសធាតុ នៅទ្វីបអាហ្វ្រិក។

កិច្ចប្រជុំកំពូលធុរកិច្ចសកលស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២ នៅទ្វីបអាហ្រ្វិក ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ ចូលរួមដោយមន្ត្រីមកពីរដ្ឋាភិបាលអាហ្វ្រិក អង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុពហុភាគី និងវិស័យឯកជន។
លោក Aden Duale មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងព្រៃឈើ របស់ប្រទេសកេនយ៉ាបាននិយាយថា ប្រទេសរបស់លោក កំពុងស្វែងរកថវិកាប្រហែល៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ភាពបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ និង១,៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ការធ្វើឲ្យប្រសើរ រហូតដល់ឆ្នាំ២០៣០។
លោក Duale និយាយថា «ការផ្តល់មូលនិធិនេះ គឺចាំបាច់ដើម្បីដោះស្រាយផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ និងកសាងអនាគតប្រកបដោយនិរន្តរភាព និងភាពធន់ សម្រាប់ប្រជាជនកេនយ៉ាទាំងអស់» ។ លោកនិយាយថា ទ្វីបអាហ្រ្វិកទាមទារការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនល្បឿននៃសកម្មភាពអាកាសធាតុ។