ការគំរាមកំហែងចុងក្រោយនៃសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជំរុញឱ្យមានការពិភាក្សាបន្ថែមទៀតអំពីលទ្ធភាពដែលអ៊ីរ៉ង់អាចបោះបង់ចោលសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ។

មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយជាថ្មីទៀតថាអ៊ីរ៉ង់ ត្រូវតែបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង ដោយបញ្ឈប់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ ទោះក្នុងកម្រិតទាបក៏ដោយ។

ស្របពេលមានការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន លោក Trump ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងចាប់អ៊ីរ៉ង់ឲ្យទទួលខុសត្រូវចំពោះការវាយប្រហារណាមួយដោយក្រុម ហ៊ួទី របស់យេម៉ែន ដោយច្រានចោលការទទូចរបស់អ៊ីរ៉ង់ ដែលថាក្រុមនេះធ្វើប្រតិបត្តិការដោយឯករាជ្យ។
ប្រការនេះបាននាំឱ្យមានការអំពាវនាវកាន់តែច្រើនពីក្នុងប្រទេសអ៊ីរ៉ង់ឱ្យបោះបង់គោលនយោបាយដែលបានបញ្ជាក់ជាផ្លូវការថាខ្លួននឹងមិនបន្តអាវុធនុយក្លេអ៊ែរឡើយ។

កាលពីថ្ងៃអង្គារ Vatan-e Emrooz ជាកាសែតប្រចាំថ្ងៃដ៏សំខាន់ គ្រប់គ្រងដោយក្រុមអភិរក្សនិយមជ្រុល បានរំម្លឹកដល់ថ្ងៃបញ្ចប់នៃឆ្នាំអ៊ីរ៉ង់នៅថ្ងៃទី២០ ខែមីនា ដោយនិយាយថាប្រទេសជាច្រើនទៀតនឹងពិចារណាអំពីគ្រាប់បែកនុយក្លេអ៊ែរសម្រាប់សន្តិសុខរបស់ពួកគេ ដោយសារគោលនយោបាយរបស់លោក Trump ។
សារព័ត៌មាន Nournews ដែលមានសម្ព័ន្ធភាពជាមួយក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា នឹងពុំមានការធានាថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលសន្ធិសញ្ញាមិនរីកសាយអាវុធទេ ប្រសិនបើលោក Trump និងក្រុមរបស់លោក នៅតែបន្តគំរាមកំហែងអ៊ីរ៉ងទៀត៕