រាជរដ្ឋាភិបាល ផ្ដល់ប្រាក់រង្វាន់ជាង ១លាន ២សែនដុល្លារ ដល់អត្តពលិកជ័យលាភី​លើឆាក​អន្ដរជាតិចំនួន ១១ប្រភេទកីឡា

2025/03/20 08:41:07 pm        137

រាជរដ្ឋាភិបាលកម្ពុជា បានប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ៤,៩៨៤,៩០០,០០០រៀល ឬប្រមាណ ១,២៤៦,២២៥ដុល្លារ ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភី ចំនួន ១១ប្រភេទកីឡា ដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍អន្ដរជាតិចំនួន ១៦ផ្សេងគ្នា កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ កន្លងទៅ។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។ ចំពោះប្រភេតកីឡា ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្រោយចូលរួមប្រកួតលក្ខណៈហ្គេម និងការប្រកួតជើងឯកកម្រិតអន្ដរជាតិនានា រួមមានកីឡាប៉េតង់ ការ៉ាតេ ចំបាប់ កាយសម្ព័ន្ធ ហែលទឹកពាក់ជើងទា កាយវប្បកម្ម យុទ្ធគុនចម្រុះ វ៉ូវីណាម ជឺជីតស៊ូ តេក្វាន់ដូ WT និងកីឡាយូដូ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរគ្រូបង្វឹក គ្រូជំនួយ ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ។ ឯកឧត្តមទទួលស្គាល់ ការផ្ដល់ប្រាក់រង្វាន់មានការយឺតយ៉ាវ តែយ៉ាងណាក្រសួងអប់រំ ពិសេសប្រមុខរាជរដ្ឋាភិបាល មិនបានភ្លេច ឬប្រងើយកន្ដើយចំពោះប្រាក់រង្វាន់នេះឡើយ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ រហូតទទួលបានថវិកាសម្រាប់ផ្ដល់ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភីទាំងអស់គ្នា ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា ទោះបីកម្ពុជាមានគោលការណ៍ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តមួយខ្ពស់ជាងបណ្ដាប្រទេសជិតខាង តែក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី នៅតែបន្ដគោលនយោបាយ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដើម្បីផ្ដល់នូវការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលខិតខំប្រឹងប្រែង លះបង់ ក៏ដូចជាការប្រកួតប្រជែង ដើម្បីលើកមុខមាត់ កិត្តិយស និងដណ្ដើមមេដាយជូនជាតិមាតុភូមិ ។ ដូច្នេះឯកឧត្តមសង្ឃឹមថា សហព័ន្ធកីឡាជាតិទាំងអស់ នឹងបន្ដការខិតខំប្រឹងប្រែងអភិវឌ្ឍ និងបណ្ដុះនូវធនធានថ្នាលបន្ដវេនបន្ថែមទៀត ដើម្បីត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ខាងមុខ ។

យោងតាមរបាយការណ៍ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡា ចំពោះប្រភេទកីឡា ដែលបានចូលរួមប្រកួតលក្ខណៈហ្គេម និងការប្រកួតជើងឯកកម្រិតអន្ដរជាតិនានា ហើយបានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយដណ្ដើមបានមេដាយជូនជាតិនេះ រួមមាន៖

១. ការចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី កម្ពុជា ឈ្នះមេដាយ ៩គ្រឿង (មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣) លើប្រភេទកីឡាប៉េតង់ តេក្វាន់ដូ WT, ការ៉ាតេ និងយូ ។

២. ការប្រកួតកីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍ លើកទី១៣ ឆ្នាំ២០២៤ នៅវៀតណាម កម្ពុជា ឈ្នះមេដាយសរុប ៩គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ៦) ។

៣. ការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី១៤ ឆ្នាំ២០២៣ នៅកូរ៉េខាងត្បូង កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង។

៤. ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកពិភពលោក ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១)។

៥. ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី កម្ពុជាឈ្នះមេដាយ ៦គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៤) ។

៦. ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅវៀតណាម កម្ពុជា ឈ្នះមេដាយ ២០គ្រឿង (មាស៦ ប្រាក់៥ និងសំរឹទ្ធ៩) ។

៧. ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣នៅម៉ុងហ្គោលី កម្ពុជាឈ្នះមេដាយ ២គ្រឿង(មាស១ និងសំរឹទ្ធ១) ។

៨. ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២)។

៩. ការប្រកួតជឺជីតស៊ូជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៤ នៅអារ៉ាប់រួម កម្ពុជាឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង ។

១០. ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០២៤ នៅវៀតណាម កម្ពុជាឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។

១១. ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា កម្ពុជាឈ្នះមេដាយ ១៥គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៩)។

១២. ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅឥណ្ឌា កម្ពុជា ឈ្នះមេដាយ ២៤គ្រឿង (មាស៣ ប្រាក់៧ និងសំរឹទ្ធ១៤) ។

១៣. ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៤ នៅហ្វីលីពីន កម្ពុជា ឈ្នះមេដាយ ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២) ។

១៤. ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៤ នៅកម្ពុជា កម្ពុជាឈ្នះមេដាយ ២៧គ្រឿង (មាស៣ ប្រាក់១៧ និងសំរឹទ្ធ៧) ។

១៥. ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ៧គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ៦) ។

១៦. ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី កម្ពុជាឈ្នះមេដាយ ២១គ្រឿង (មាស៩ ប្រាក់៤ និងសំរឹទ្ធ៨) ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm