ជនជាតិប៉ាឡេស្ទីនជាង ៧០នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងព្រឹកព្រលឹមនៅថ្ងៃព្រហស្បតិ៍ (២០ មីនា) នេះ ដោយយោធាអ៊ីស្រាអែល នៅភាគខាងជើង និងភាគខាងត្បូងនៃដែនដីហ្កាហ្សា ខណៈប្រតិបត្តិការថ្មើរជើងបានបន្តឡើងវិញ។
ការសម្លាប់ចុងក្រោយបំផុតនេះបានកើតឡើងបន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីននិយាយថា ការវាយប្រហារនៅថ្ងៃអង្គារ (១៨ មីនា) របស់អ៊ីស្រាអែល បានសម្លាប់អ្នកស្រុកហ្កាហ្សាជាង ៤០០នាក់រួចទៅហើយ រួមទាំងកុមារ និងស្រ្តីជាច្រើន ខណៈអ៊ីស្រាអែល បំផ្លាញបទឈប់បាញ់ និងបន្តសង្គ្រាមនៅលើតំបន់ហ្កាហ្សា។

អ្នករាយការណ៍ព័ត៌មានរបស់ Al Jazeera បានឱ្យដឹងថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍មក មានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានៅផ្នែកភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ជាទីដែលកងកម្លាំងអាកាសអ៊ីស្រាអែលបានកំណត់គោលដៅលើអគារលំនៅឋានយ៉ាងតិច១០ខ្នង ដែលពោរពេញទៅដោយជនស៊ីវិលក្នុងទីក្រុង Khan Younis និង Rafah ។
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធ បានបន្តប្រតិបត្តិការជើងគោកឡើងវិញនៅហ្កាហ្សា ដោយដណ្តើមបានមកវិញនូវការគ្រប់គ្រងច្រករបៀងជើងគោកដ៏សំខាន់មួយ ខណៈបន្តការទម្លាក់គ្រាប់បែកយ៉ាងទូលំទូលាយលើតំបន់ឡោមព័ទ្ធ ស្របពេលបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានដួលរលំ៕

