ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងកាលពីថ្ងៃពុធ (១៩ មីនា) បានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ ចូហ័រ (Johor) របស់ម៉ាឡេស៊ី ដែលនាំឱ្យមានការបើកមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ន ១០កន្លែង នៅក្នុងស្រុកចំនួន៣ គឺ គូហៃ (Kulai), ផុនទៀន (Pontian), និង ចូហ័របារូ (Johor Bahru) ហើយអាជ្ញាធរបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ (២០ មីនា) នេះថា មនុស្សជិត ៩០០នាក់ ត្រូវបានជម្លៀស។

អាជ្ញាធរបានព្រមានថា ចំនួនអ្នករងគ្រោះដោយទឹកជំនន់អាចនឹងកើនឡើង ខណៈរបាយការណ៍បន្ថែមទៀតនឹងត្រូវធ្វើបច្ចុប្បន្នភាពពីតំបន់រងគ្រោះ។ ជាមួយគ្នានេះ ក្រុមមន្រ្តីបានជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំផ្លូវការ ខណៈភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី២១ ខែមីនា។
ការព្រមានពណ៌លឿងទុំត្រូវបានដាក់ចេញសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅជិត ១០តំបន់ ហើយទន្ទឹមនឹងនោះ ការជូនដំណឹងពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ត្រូវបានចេញសម្រាប់តំបន់ដែលងាយនឹងមានទឹកជំនន់៕

