បណ្ដាមេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ (២០ មីនា) នេះ មានបំណងប្តេជ្ញាថានឹងប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឱ្យប្លុកនេះកាន់តែមានការប្រកួតប្រជែង ជាមួយនឹងសាច់ដុំយោធា និងសេដ្ឋកិច្ចកាន់តែច្រើន នៅក្នុងការប្រឈមមុខនឹងជម្លោះពន្ធរបស់សហរដ្ឋអាមេរិក និងបញ្ហាប្រឈមមិនច្បាស់លាស់ផ្សេងទៀត ព្រមទាំងការសង្ស័យលើការគាំទ្រនាពេលអនាគតរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងវិស័យការពារជាតិអឺរ៉ុប។
មេដឹកនាំសហភាពអឺរ៉ុបទាំងអស់ លើកលែងតែលោក Viktor Orban របស់ហុងគ្រី ត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញនូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធារបស់ពួកគេចំពោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលនឹងធ្វើកិច្ចចាប់ផ្តើមក្នុងកិច្ចប្រជុំកំពូលមួយ។

មេដឹកនាំសហភាពអឺរ៉ុប ២៦រូប នឹងយល់ព្រមលើពង្រាងមួយនៅក្នុងកិច្ចប្រជុំ ដែលប្តេជ្ញារក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយជំរុញឱ្យរុស្ស៊ី "បង្ហាញឆន្ទៈនយោបាយពិតប្រាកដដើម្បីបញ្ចប់សង្គ្រាម" ។
ជំនួបកំពូលនេះធ្វើឡើងពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ប៉ុន្តែមិនបានទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃពេញលេញនោះទេ៕

