សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ពេលពីរខែដល់ប្រទេសអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

លោក Trump បានប្រាប់បណ្តាញសារព័ត៌មាន Fox Business Network កាលពីដើមខែមីនាថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់មេដឹកនាំប្រទេសអ៊ីរ៉ង់ ដែលស្នើសុំការចរចាសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។
លោកក៏បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា សហរដ្ឋអាមេរិកកំពុង «ងាកទៅរកដំណាក់កាលចុងក្រោយជាមួយអ៊ីរ៉ង់» ហើយ «មិនអាចអនុញ្ញាតឱ្យប្រទេសនេះមានអាវុធនុយក្លេអ៊ែរបានឡើយ»។ លោក និយាយថា «យើងស្ថិតក្នុងស្ថានភាពមួយ ជាមួយប្រទេសអ៊ីរ៉ង់ ជាអ្វីដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដោយសង្ឃឹមថាយើងអាចមានកិច្ចព្រមព្រៀងសន្តិភាព»។ «ខ្ញុំអាចនិយាយបានថា ខ្ញុំចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពជាងអ្វីផ្សេងទៀត ប៉ុន្តែបញ្ហានឹងត្រូវដោះស្រាយ»។
យោងតាមប្រភព CNN បានឲ្យដឹងថា លិខិតនេះ ត្រូវបានប្រគល់ទៅឲ្យប្រធានាធិបតីប្រទេសអារ៉ាប់រួម (UAE) លោក Sheikh Mohamed bin Zayed Al Nahyan ដោយបេសកជនតំបន់មជ្ឈិមបូព៌ារបស់លោក Trump គឺលោក Steve Witkoff ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Abu Dhabi កាលពីសប្តាហ៍មុន។ ក្រោយមក ប្រទេសអារ៉ាប់រួម បានផ្ទេរលិខិតនោះ ទៅឲ្យអ៊ីរ៉ង់។

