សភាឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ (២០ មីនា) នេះ បានសម្រេចអនុម័តវិសោធនកម្មដ៏ចម្រូងចម្រាសមួយចំពោះច្បាប់យោធារបស់ប្រទេស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា ហើយការតវ៉ាតាមផ្លូវប្រឆាំងនឹងជំហាននេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅយ៉ាងតានតឹង។
វិសោធនកម្មនេះត្រូវបានរិះគន់ដោយក្រុមសង្គមស៊ីវិល ដែលនិយាយថា អាចនឹងធ្វើឱ្យប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកមួយនេះ ដើរថយក្រោយត្រលប់ទៅយុគសម័យ 'សណ្ដាប់ធ្នាប់ថ្មី' ដ៏តានតឹងរបស់អតីតប្រធានាធិបតី Suharto នៅពេលដែលមន្រ្តីយោធាគ្រប់គ្រងកិច្ចការស៊ីវិល។

ប្រធានសភា Puan Maharani បានដឹកនាំការបោះឆ្នោតជាឯកច្ឆ័ន្ទនៅក្នុងក្រុមប្រឹក្សាពេញអង្គ ហើយបានអនុម័តច្បាប់ជាផ្លូវការ ដោយនិយាយថា វិសោធនកម្មនេះស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ក្រុមសិទ្ធិមនុស្សបានរិះគន់កំណើននៃការចូលរួមរបស់យោធា ដោយសារពួកគេបារម្ភថា សកម្មភាពបែបនេះអាចនាំទៅរកការរំលោភអំណាច និងសិទ្ធិមនុស្ស។
រដ្ឋាភិបាលបាននិយាយថា ច្បាប់នេះតម្រូវឱ្យមន្ត្រីលាលែងពីតួនាទីយោធារបស់ខ្លួនជាមុន មុននឹងចូលកាន់តំណែងស៊ីវិលនៅក្រសួងនានា ហើយសមាជិកសភានិយាយថា មន្ត្រីក៏មិនអាចចូលរួមជាមួយក្រុមហ៊ុនរបស់រដ្ឋបានដែរ ដើម្បីទប់ទល់នឹងក្ដីបារម្ភដែលថាយោធានឹងចូលរួមក្នុងអាជីវកម្ម៕

