រាប់ចាប់ពីការលុបប្រវត្តិរឿងរ៉ាវរបស់ក្រុមអ្នកប្រើភាសាកំណើតជាកូដ គឺក្រុមជនជាតិភាគតិច Navajo នៅលើគេហទំព័ររបស់មន្ទីរបញ្ចកោណ រហូតដល់ការកម្ទេចផ្ទាំងគំនូរលើជញ្ជាំងនៃចលនាតវ៉ា «Black Lives Matter» ក្នុងទីក្រុងវ៉ាស៊ីនតោន វិធានការទាំងបង្ខំរបស់ប្រធានាធិបតីអាមេរិក Donald Trump លើក្រុមជនជាតិភាគតិចចម្រុះ នៅទូទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងបំបាត់កម្មវិធីយុត្តិធម៌ពូជសាសន៍ដែលមានជាច្រើនទសវត្សរ៍មកហើយ។

ដោយមានការសន្យាក្នុងយុទ្ធនាការរបស់ខ្លួន មហាសេដ្ឋីទៅពីបក្សសាធារណរដ្ឋរូបនេះ បានយកករណីនេះជាកិច្ចការអាទិភាពមួយ ក្នុងចំណោមចំណាត់ការដំបូងរបស់លោក ពេលចូលកាន់តំណែង ដើម្បីបញ្ចប់រាល់កម្មវិធីចម្រុះជនជាតិភាគតិច សមធម៌ និងបរិយាបន្ន (DEI) របស់រដ្ឋាភិបាលសហព័ន្ធ ដែលលោកបានលើកឡើងថា នាំឲ្យមាន «ការរើសអើងខុសច្បាប់ និងអសីលធម៌»។
គួរបញ្ជាក់ថា ការបង្រ្កាបលើគំនិតផ្តួចផ្តើមរបស់ DEI នៅមន្ទីរបញ្ចកោណ មានលក្ខណៈទូលំទូលាយ ដោយរាប់ចាប់ពីការហាមឃាត់មិនឲ្យមានការជ្រើសរើសទាហានកែភេទ ជាការចំណាត់ការដែលត្រូវបានរារាំងដោយតុលាការក្នុងសប្តាហ៍នេះ រហូតដល់ការលុបឯកសារ និងរូបភាពយ៉ាងច្រើនចេញពីគេហទំព័ររបស់ខ្លួន។
ឆ្លើយតបទៅនឹងសំណួរ ស្តីពីការលុបចេញទាំងនោះ និងផ្សេងទៀត មន្ទីរបញ្ចកោណ កាលពីថ្ងៃទី១៩ ខែមីនា បានប្រាប់ឲ្យដឹងថា ខ្លួនបានស្វាគមន៍បុគ្គលទាំងនោះ ប៉ុន្តែបានបដិសេធមិនមើលឃើញ «ពួកគេតាមរយៈភាពទីទៃនៃបុគ្គលិកលក្ខណៈដែលមិនអាចផ្លាស់ប្តូរបាននោះឡើយ»។
អ្នកនាំពាក្យមន្ទីបញ្ចកោណ លោក John Ullyot បាននិយាយថា៖ «DEI គឺជាទម្រង់នៃវប្បធម៌ម៉ាក្សនិយមដែលបែងចែកកម្លាំង បំបាត់ភាពស្អិតល្មួតរបស់អង្គភាព និងរំខានដល់បេសកកម្មប្រយុទ្ធស្នូលរបស់សេវាកម្ម»៕

