ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ បានរាយការណ៍ថា កូរ៉េខាងជើងបានព្រមានជប៉ុនកុំឲ្យដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅតំបន់ Kyushu ក្នុងខែមីនា ឆ្នាំ២០២៦ ដោយលើកឡើងថា សមត្ថភាពវាយប្រហារពីអាវុធបែបនេះ នឹង «នាំឲ្យមានភាពតានតឹងកើនឡើងឥតឈប់ឈរ» នៅក្នុងតំបន់អាស៊ីភាគឦសាន។
សូមបញ្ជាក់ថា បើតាមសារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល បានរាយការណ៍នៅខែមីនានេះថា ទីក្រុងតូក្យូកំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅលើកោះ Kyushu ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ក្នុងការទទួលបាន «សមត្ថភាពប្រឆាំង"» ដើម្បីវាយប្រហារគោលដៅរបស់សត្រូវ ក្នុងករណីគ្រាអាសន្ន។

ហើយដោយដកស្រង់សម្តីប្រធានផ្នែកគោលនយោបាយនៃវិទ្យាស្ថានសិក្សាជប៉ុន ក្រោមក្រសួងការបរទេសកូរ៉េខាងជើង សារព័ត៌មាន KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ជប៉ុនថា បានបន្តការឈ្លានពានតពីប្រវត្តិសាស្ត្រអតីតកាល តាមរយៈសកម្មភាពនានា ដូចជាការពង្រឹងឥតឈប់ឈរនៃសម្ព័ន្ធភាពយោធាជប៉ុន-អាមេរិក និងការឃុបឃិតជាមួយកងកម្លាំងរបស់អង្គការណាតូ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយកាលពីខែកុម្ភៈថា កិច្ចសហប្រតិបត្តិការយោធាត្រីភាគី សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹង នៅក្នុងតំបន់ ហើយបានប្តេជ្ញាចាត់វិធានការតបត ក្នុងនោះរួមទាំងការអភិវឌ្ឍបន្ថែមទៀតនៃកងកម្លាំងនុយក្លេអ៊ែរផងដែរ៕

