បាល់ទាត់៖ ក្រោយចែកផ្លូវជាមួយគ្រូបង្វឹកអេស្ប៉ាញលោក Orio Mohedano Segura ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានប្រកាសចែកផ្លូវជាមួយកីឡាករសំខាន់ៗ ៣រូបជាបន្ដបន្ទាប់ ពិសេសខ្សែការពារ ឈង់ ប៊ុនណាត ដែលក្លិបទើបប្រកាសកាលពីល្ងាចមិញ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។

ខ្សែការពារដ៏លេចធ្លោរូបនេះបានចំណាយពេល ៤រដូវកាលមកហើយជាមួយអង្គរថាយហ្គឺរ។ ទោះពុំអាចជួយក្លិបឈ្នះពានអ្វីមួយ តែ ប៊ុនណាត គឺជាកីឡាករដ៏ស្នូលមួយរូបរបស់ក្លិប។ តាមរយៈការចាកចេញនេះបានធ្វើឲ្យអ្នកគាំទ្រក្លិប មានមូលដ្ឋាននៅខេត្តសៀមរាបនេះមានការសោកស្ដាយជាខ្លាំង។ ឈង់ ប៊ុនណាត គឺជាកីឡាករទី៣ ដែលត្រូវបានក្លិបអង្គរថាយហ្គឺរប្រកាសចែកផ្លូវ ក្រោយបញ្ចប់ការប្រកួតរដូវកាលឆ្នាំ២០២១ បន្ទាប់ពីខ្សែប្រយុទ្ធតុងហ្គា Ata Inia និងខ្សែជប៉ុន Kosuke Uchida ដែលរួមចំណែកជួយក្រុមបាន ១រដូវកាលដូចគ្នា។ ការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ ចំពោះការត្រៀមរដូវកាលថ្មីរបស់ក្លិបខ្លួនគាំទ្រ ដ្បិតក្លិបពុំទាន់ប្រកាសសមាសភាពគ្រូបង្វឹកថ្មីក៏ដូចជាកីឡាករថ្មីនោះទេ។
គួរដឹងថា ក្នុងរដូវកាលឆ្នាំ២០២១ នេះ អង្គរថាយហ្គឺរទទួលបានលទ្ធផលគាប់ប្រសើរនោះទេ បន្ទាប់ពីបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងលីគកំពូលកម្ពុជាក្រោយឆ្លងកាត់ ១៩ប្រកួតឈ្នះ ៨ ស្មើ ៤ និងចាញ់ ៧ប្រកួត ខណៈធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ៣-០៕
អត្ថបទ៖ លី ឈុនឡា