ជនរងគ្រោះឈ្មោះ Evi Tsapari កំពុងជាសះស្បើយយ៉ាងសន្សឹមៗ ពីរបួស ដោយសារការលោតចេញតាមបង្អួចនៃរថភ្លើងដឹកអ្នកដំណើរដែលកំពុងឆេះ បន្ទាប់ពីមានការបុកគ្នាដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត នៅកណ្តាលប្រទេសក្រិក ក្នុងឆ្នាំ២០២៣។ ប៉ុន្តែរូបនាង និយាយថា នៅតែរង់ចាំការផ្ដល់យុត្តិធម៌។
ទោះបីជាអ្នកស៊ើបអង្កេត ស្តីបន្ទោសលើកំហុសឆ្គងផ្នែកសុវត្ថិភាព និងការធ្វេសប្រហែសជាច្រើនទសវត្សរ៍នៃផ្លូវដែករបស់ប្រទេសក្រិកក៏ដោយ ក៏គ្មានអ្នកនយោបាយជាន់ខ្ពស់រូបណាម្នាក់ បានប្រឈមមុខនឹងការស៊ើបអង្កេត ជុំវិញឧបទ្ទវហេតុដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះឡើយ ជាមួយផ្នែក ដែលអ្នករិះគន់ លើកឡើងថា ដោយសារតែច្បាប់ដែលការពារពួកគេមិនឲ្យមានការកាត់ទោស។
នាង Tsapari ស្ថិតក្នុងចំណោមមនុស្ស ១,៤លាននាក់ដែលបានចុះហត្ថលេខាលើញត្តិ ដើម្បីលុបចោលច្បាប់នោះ។ ប៉ុន្តែវឌ្ឍនភាពរបស់ញត្តិនេះត្រូវបានជាប់គាំងដោយការពិភាក្សាផ្លូវច្បាប់។ ហើយនាង Tsapari បានប្រាប់សារព័ត៌មាន Reuters ថា៖ «ខ្ញុំមានអារម្មណ៍ថា ត្រូវបានបោកបញ្ឆោត»។

គួររំលឹកថា មនុស្សរាប់សែននាក់ បាននាំគ្នាតវ៉ាតាមដងផ្លូវក្នុងឱកាសគម្រប់ខួបលើកទី ២ នៃគ្រោះថ្នាក់រថភ្លើងនេះ កាលពីខែមុន ដែលត្រូវបានជំរុញដោយការខឹងសម្បា ពោលគឺមិនត្រឹមតែចំពោះកង្វះការកែទម្រង់សុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងការមិនមានជំនឿចិត្តជាយូរមកហើយលើរដ្ឋាភិបាល និងអ្នកនយោបាយ បន្ទាប់ពីមានគ្រោះមហន្តរាយ និងរឿងអាស្រូវជាបន្តបន្ទាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការខឹងសម្បានោះ ហាក់ដូចជាធ្វើឲ្យនាយករដ្ឋមន្រ្តី Kyriakos Mitsotakis ធ្លាក់ឥទ្ធិពល ដែលប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះនៅក្នុងការស្ទង់មតិ គិតចាប់តាំងពីលោកបានជាប់ឆ្នោតឡើងវិញ ក្នុងឆ្នាំ២០២៣។ លោកបានផ្លាស់ប្ដូរតំណែងរដ្ឋមន្ត្រីដឹកជញ្ជូន ក្នុងវិធានការរុះរើគណៈរដ្ឋមន្ត្រី កាលពីសប្តាហ៍មុន។ លោក Mitsotakis និងរដ្ឋាភិបាលកណ្តាលនិយមស្ដាំនិយមរបស់លោក ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១៩ បានបដិសេធមិនមានកំហុសឆ្គង ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងនេះ។ លោកនិយាយថា ស្ថាប័ននៅតែរឹងមាំនៅក្រោមការឃ្លាំមើលរបស់លោក៕

