ទូរទស្សន៍រដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ បានរាយការណ៍ថា កងទ័ពរបស់ស៊ូដង់ ជិតដណ្តើមកាន់កាប់វិមានប្រធានាធិបតី នៅក្នុងទីក្រុង Khartoum ពីកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងជម្លោះរយៈពេល ២ឆ្នាំដែលគំរាមកំហែងដល់ការធ្វើឲ្យប្រទេសបែកបាក់។
កងកម្លាំង RSF បានដណ្ដើមកាន់កាប់វិមាននេះ និងគ្រប់គ្រងរដ្ឋធានីភាគច្រើនយ៉ាងលឿនរហ័ស តាំងពីដើមដំបូងនៃសង្គ្រាម កាលពីខែមេសា ឆ្នាំ២០២៣ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធស៊ូដង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានចាប់ផ្ដើមត្រលប់មកវិញ ហើយបានរុលឆ្ពោះទៅកាន់វិមាននេះ តាមដងទន្លេនីល (River Nile)។

កងកម្លាំង RSF ដែលកាលពីដើមឆ្នាំនេះ បានចាប់ផ្តើមបង្កើតរដ្ឋាភិបាលមិនផ្លូវការ បន្តគ្រប់គ្រងផ្នែកខ្លះនៃទីក្រុង Khartoum និងទីក្រុងជិតខាង Omdurman ក៏ដូចជាភាគខាងលិចស៊ូដង់ ជាកន្លែងដែលកងកម្លាំងនេះ កំពុងប្រយុទ្ធដើម្បីដណ្តើមកាន់កាប់បន្ទាយចុងក្រោយរបស់កងទ័ពនៅតំបន់ Darfur គឺទីក្រុង al-Fashir។
ការគ្រប់គ្រងរដ្ឋធានីនេះ អាចពន្លឿនដល់ការដណ្តើមកាន់កាប់ទាំងស្រុងរបស់កងទ័ពលើភាគកណ្តាលស៊ូដង់ និងពង្រឹងដល់ការបែងចែកដែនដីភាគខាងកើត-ខាងលិចនៃប្រទេសនេះ រវាងកងកម្លាំងទាំង២។
ភាគីទាំង២ បានប្តេជ្ញាបន្តប្រយុទ្ធ ដើម្បីដណ្ដើមគ្រប់គ្រងផ្នែកផ្សេងទៀតរបស់ប្រទេស ហើយគ្មានកិច្ចប្រឹងប្រែងណាមួយ ដើម្បីមានកិច្ចចរចាសន្តិភាព បានលេចចេញជារូបរាងឡើងនោះឡើយ។ សង្គ្រាមបានផ្ទុះឡើងចំពេលមានការតស៊ូដណ្ដើមអំណាច រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF នៅមុនរយៈពេលអន្តរកាលនៃផែនការឆ្ពោះទៅកាន់ការគ្រប់គ្រងស៊ីវិល៕

