ភ្នំពេញ ៖ នៅថ្ងៃនេះ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបេតយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ខណៈទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។
តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ។ បន្ទាប់ពីនោះ ឯកឧត្តម ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសម ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ខណៈឯកឧត្តម នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ”។
នៅថ្ងៃដដែលនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏នឹងជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។
តាមរយះជំនួបតាមប្រព័ន្ធវីដេអូ កាលពីខែមេសាកន្លង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារនៅឆ្នាំ២០១៩ រហូតដល់ ១០៤ លានដុល្លា នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា”។ ជាកត់សម្គាល់ ចំពោះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមចំណែកផ្តល់ជំនួយជាម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ខណៈកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាបានផ្តល់ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។
សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាបានបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
គួរបញ្ជាក់ថា ឯកឧត្តម ផនខាំ វីផាវ៉ាន់ បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ឡាវកាលពីខែមីនា ឆ្នាំ២០២១ មុនកាន់តំណែងនេះ ឯកឧត្តមធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីឡាវ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ និងជាសមាជិកគណៈកម្មាធិការនយោបាយមជ្ឈិមបក្ស ប្រធានខុទ្ទកាល័យគណៈលេខាធិការមជ្ឈិមបក្ស ដែលមានឋានៈជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡា៕
អត្ថបទ ៖ សេក ឧត្តម