ជនប៉ាឡេស្ទីននៅទីក្រុង Beit Hanoun ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា បានជម្លៀសខ្លួនចេញ ក្រោយកងទ័ពអ៊ីស្រាអែល ចេញបទបញ្ជាជម្លៀសខ្លួនថ្មី សម្រាប់សង្កាត់ជាច្រើននៅដែនដីបិទច្រកមួយនេះ ។
កងទ័ពអ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីប បញ្ជាឲ្យអ្នកស្រុកជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយព្រមានថា ពួកគេកំពុងស្ថិតនៅក្នុងតំបន់សង្រ្គាមដ៏គ្រោះថ្នាក់ ។
ខិត្តប័ណ្ណដែលទម្លាក់លើទីក្រុង Beit Hanoun សរសេរថា ការស្នាក់នៅក្នុងទីជម្រក ឬសំពត់តង់បច្ចុប្បន្ននឹងធ្វើឲ្យជីវិតរបស់អ្នក និងសមាជិកគ្រួសាររបស់អ្នក ស្ថិតក្នុងគ្រោះថ្នាក់ ដូច្នេះហើយអ្នករាល់គ្នាត្រូវតែជម្លៀសខ្លួនចេញជាបន្ទាន់ ។
ក្រុមកម្មករសុខភាពក្នុងស្រុក និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៧០នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស ទូទាំងតំបន់ហ្កាហ្សានៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលយោធាអ៊ីស្រាអែល ចាប់ផ្តើមការទម្លាក់គ្រាប់បែករបស់ពួកគេឡើងវិញ ។
អ៊ីស្រាអែល បានព្រមានថា ការសម្លាប់នេះ ទើបនឹងចាប់ផ្តើមប៉ុណ្ណោះ ។ អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានបទឈប់បាញ់ ដែលបានផ្តល់ការធូរស្រាលដល់ពលរដ្ឋហ្កាហ្សា ២,៣លាននាក់ ក្រោយសង្រ្គាមរយៈពេល ១៧ខែ ៕