នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban និយាយថា សហភាពអឺរ៉ុប(EU) ត្រូវតែគាំទ្រកិច្ចខិតខំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការទទួលបានកិច្ចព្រមព្រៀងសន្តិភាព ជាការបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។
នៅពេលសួរថាតើលោកនឹងបន្តជំទាស់ចំពោះការផ្តល់ប្រាក់បន្ថែមទៀតរបស់ EUដល់អ៊ុយក្រែនឬ លោក Orban បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងពុំគាំទ្រវានោះទេ ។
លោកបន្តថា តាមការយល់ដឹងរបស់ពួកយើង មាននូវបេសកកម្មដ៏សាមញ្ញមួយ ត្រូវបានធ្វើដោយសហភាពអឺរ៉ុប គឺគាំទ្រកិច្ចខិតខំរបស់លោក Trump ក្នុងការស្វែងរកសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ។
ចំណែកឯលោកស្រី Marine Le Pen គឺជាសមាជិកសភាបារាំង និងជាមេដឹកនាំគណបក្សនិយមស្តាំ National Rally បាននិយាយដែរថា លោកស្រីសង្ឃឹមថា កិច្ចខិតខំបង្កើតសន្តិភាពនឹងរីកចម្រើនទៅមុខ ។
លោកស្រី Le Pen និយាយថា លោកស្រីអាចសប្បាយរីករាយបាន ពេលដែលក្រុមមេដឹកនាំអង្គុយចុះជុំវិញតុ ជជែកពិភាក្សាពីសន្តិភាព ជាពិសេសនៅពេលដែលប្រធានាធិបតីបារាំងឈប់និយាយពីសង្រ្គាម ។
សូមបញ្ជាក់ថា ក្រុមអ្នកនយោបាយអឺរ៉ុប បានធ្វើសេចក្តីអត្ថាធិប្បាយរបស់ពួកគេប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ពេលដែលពួកគេធ្វើដំណើរទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សម្រាប់ជំនួប 'Patriots for Europe' ដែលជាប្លុកបោះឆ្នោតធំបំផុតទី ៣របស់សភាអឺរ៉ុប ៕