ស្នងការនៃទីភ្នាក់ងារ UNRWA លោក Philippe Lazzarini នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ បាននិយាយថា បុគ្គលិក ៥នាក់របស់ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិមួយនេះ ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម X លោក Lazzarini បានឲ្យដឹងថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បុគ្គលិករប់ UNRWA ៥នាក់ផ្សេងទៀត ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៨៤នាក់ហើយ។ ពួកគេគឺជាគ្រូបង្រៀន វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលបម្រើការជួយដល់អ្នកងាយគ្រោះបំផុត»។
ជាមួយគ្នានេះ លោក Lazzarini បានបន្ថែមថា លោកបារម្ភថា ហេតុការណ៍អាក្រក់បំផុត កំពុងរង់ចាំនៅខាងមុខ នៅពេលដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតែបន្តមានទាំងផ្លូវគោក និងផ្លូវទឹក ក៏ដូចជាការលុកលុយផ្លូវគោកដែលកំពុងបន្តមានផងដែរ។
កាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារលើបុគ្គលិករបស់អង្គការនេះ បន្ទាប់ពីសមាជិកការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសេវាកម្មគម្រោង បានបាត់បង់ជីវិត នៅពេលដែលផ្ទះសំណាក់របស់អង្គការសហប្រជាជាតិចំនួន ២ នៅទីក្រុង Deir al Balah ត្រូវរងគ្រោះដោយការវាយប្រហារ៕