ក្រុមបាតុករជាង ១ពាន់នាក់ បានដង្ហែក្បួននៅទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញកាលពីយប់ថ្ងៃពុធម្សិលមិញ ក្រោយអ៊ីស្រាអែលបញ្ចប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ។
ក្រុមបាតុករនាំគ្នាស្រែកពាក្យស្លោកអំពាវនាវឲ្យធ្វើពហិកាអ៊ីស្រាអែល និងបរិហារអសកម្មសកលចំពោះការចាប់ផ្តើមឡើងវិញអរិភាពមួយនេះ ។
និវត្តន៍ជនលីបង់ម្នាក់ដែលរស់នៅក្នុងប្រទេសអេស្ប៉ាញ និងបានចូលរួមបាតុកម្មនេះ និយាយថា អ៊ីស្រាអែលគឺជាកូនចៅរបស់សហរដ្ឋអាមេរិក តើពួកគេត្រូវគោរពកិច្ចព្រមព្រៀងតាមវិធីណា?
ខណៈពេលនោះដែរ ក្រុមបាតុករ បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវផងដែរនៅក្នុងទីក្រង Madrid ដើម្បីបរិហារការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលបានបំពានបទឈប់បាញ់រយៈពេល ២ខែ ។
បាតុកម្មដែលរៀបចំឡើងដោយក្រុមសង្គមស៊ីវិល ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន បានកើតមានឡើងនៅលើទីលានចតុរង្គ Callao ហើយនិងទទួលបានការគាំទ្រពីក្រុមគណបក្សនយោបាយឆ្វេងនិយម Podemos ។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនបានចាប់ផ្តើមឡើងវិញប្រតិបត្តិការជើងគោក នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីប ស្របពេលថ្ងៃទី ២នៃការវាយប្រហារតាមច្រកអាកាស សម្លាប់មនុស្សយ៉ាងហោច ៧០នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។
ប្រតិបត្តិការជើងគោកថ្មីរបស់អ៊ីស្រាអែល បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយជនប៉ាឡេស្ទីនជាង ៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាស ៕