រូបភាពវីដេអូឃ្លីបរបស់សាក្សីឃើញផ្សែងហុយពីជើងមេឃ ក្រោយការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំរបស់រុស្ស៊ី លើទីក្រុងភាគកណ្តាល Kropyvnytskyi របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ។
ទីតាំងរងការវាយប្រហារត្រូវបានបញ្ជាក់ដោយអគារ រចនាសម្ព័ន្ធ ដើមឈើ បង្គោលភ្លើង និងភ្លើងស្តុប ដែលមើលឃើញនៅក្នុងវីដេអូ ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ប៉ុន្តែកាលបរិច្ឆេតនៃការថតវីដេអូនេះ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បានឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ផែនទីតាមដានអគ្គិភ័យសកលរបស់អង្គការ NASA រកឃើញចំហេះនៅតំបន់នោះកាលពីថ្ងៃពុធ ។
ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា ការវាយប្រហាររបស់រុស្ស៊ីបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ខណៈអភិបាលតំបន់និយាយថា មនុស្សមួយចំនួន បានរងរបួស ។
ការវាយប្រហារខាងលើ ត្រូវបានគេរាយការណ៍ ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានតាមអនឡាញ ក្រោយជំនួបរបស់លោកតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើការរៀបចំបទឈប់បាញ់ដោយផ្នែកជាមួយរុស្ស៊ី ពោលគឺរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយតាមទូរស័ព្ទជាមួយលោក Trumpនិងបានឯកភាពផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ។
ដោយឡែក វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃពុធដែរថា រុស្ស៊ីបានផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្រោយការជជែកគ្នាតាមទូរស័ព្ទរវាងលោក Putin និងលោក Trump ហើយនិងបានបាញ់ទម្លាក់យានដ្រូនខ្លួនឯងជាច្រើនគ្រឿងទៀតផង ដែលបានហោះលើអាកាសទៅកាន់ប្រទេសអ៊ុយក្រែន ៕