ក្រុមមន្រ្តីពន្លត់អគ្គិភ័យ និងក្រុមមន្រ្តីទីក្រុង និយាយនៅថ្ងៃព្រហស្បតិ៍ថា អគ្គិភ័យឆាប់ឆេះសំណង់តាំងលំនៅជនជាតិភាគតិចក្រីក្រ Roma កាលពីយប់កន្លងទៅនៅតំបន់ភាគខាងកើតប្រទេសស្លូវ៉ាគី បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ រួមទាំងក្មេងៗ ៤នាក់ផងដែរ ។
រូបភាពវីដេអូឃ្លីបថតបានដោយទូរទស្សន៍ក្នុងស្រុក JOJ TV ឃើញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យពន្លត់ភ្លើងនៅពេលយប់កណ្តាលអាធ្រាត្រ និងផ្ទះរងការឆាបឆេះ នៅព្រឹកបន្ទាប់ ស្ថិតក្នុងទីក្រុង Velky Saris ដែលមានចម្ងាយប្រហែល ៣៩០គ.មភាគខាងកើតទីក្រុង Bratislava ។
សាលាក្រុង Velky Saris បាននិយាយក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Facebook ថា អគ្គិភ័យនេះ បានឆាបឆេះផ្ទះ ៨ខ្នង ជាទីដែលមានមនុស្សរស់នៅ ៣០នាក់ ។
គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ពីមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យឆាបឆេះឡើងកាលពីយប់ពាក់កណ្តាលអាធ្រាត្រកន្លងទៅ ។
សូមបញ្ជាក់ថា ជនជាតិ Roma គឺជាក្រុមជនជាតិភាគតិចដែលត្រូវបានដកចេញពីសង្គមភាគច្រើនបំផុត នៅក្នុងប្រទេសស្លូវ៉ាគី ហើយពួកគេតែងតែរងការរើសអើងជាតិសាសន៍ គម្លាតពីសង្គម និងទទួលរងភាពក្រីក្រ ។
សំណង់តាំងលំនៅនេះ ស្ថិតក្នុងចំណោមសំណង់តាំងលំនៅក្រីក្រនៅដាច់ពីគ្នារាប់រយ ជាកន្លែងដែលជនជាតិក្រីក្របំផុត ២០ភាគរយនៃជនជាតិភាគតិច Roma ចំនួន ៤០ម៉ឺននាក់របស់ស្លូវ៉ាគី រស់នៅទីនោះ ៕