ក្រុមបាតុករអ៊ីស្រាអែល បានបិទផ្លូវនៅទីក្រុងតែល អាវីវ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទាមទារឲ្យរដ្ឋាភិបាលបញ្ចប់សង្រ្គាមហ្កាហ្សា និងនាំចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ ។
បាតុកម្មរបស់ក្រុមគ្រួសារ និងអ្នកអ្នកគាំទ្រចំណាប់ថ្នូរ បានកើតមានបន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ អំពាវនាវឲ្យមានការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នូរ ហើយនិងការការពារលទ្ធិប្រជាធិបតេយ្យ ។
ការសម្រេចចិត្តចាប់ផ្តើមសង្រ្គាមឡើងវិញ ក្នុងនោះចំណាប់ថ្នូរប្រហែល ២៤នាក់ ចំណោមចំណាប់ថ្នូរ ៥៩នាក់ ត្រូវបានគេមានជំនឿថានៅរស់នៅ និងនៅឃុំខ្លួននៅតំបន់ហ្កាហ្សានោះ បានបញ្ឆេះសន្ទុះថ្មីៗនៃការដង្ហែក្បួនប្រឆាំងរដ្ឋាភិបាល ដោយក្រុមបាតុករនាំគ្នាចោទប្រកាន់រដ្ឋបាលបច្ចុប្បន្នថា បានបន្តជម្លោះក្នុងហេតុផលនយោបាយ ។
អ្នកស្រី Ayala Metzger ត្រូវជាចៅស្រីរបស់ចំណាប់ថ្នូរ Yoram Metzer វ័យ ៨០ឆ្នាំ ដែលត្រូវបានសម្លាប់អំឡុងជាប់ជាចំណាប់ខ្មាំង បានពន្យល់ថា ការចាប់ផ្តើមសង្រ្គាមឡើងវិញ ត្រូវបានគេមើលឃើញថាជាការក្បត់ពលរដ្ឋខ្លួនឯង ហើយនិងក្បត់ទាហានខ្លួនឯង ។
សូមបញ្ជាក់ថា កំហឹងរបស់ក្រុមបាតុករ បានពុះកញ្រ្ជោលឡើង ក្រោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាសកាលពីចុងសប្តាហ៍កន្លងទៅថា លោកបានសម្រេចចិត្តបណ្តេញចេញពីការងាររបស់លោក Ronen Bar ដែលជាប្រធានទីភ្នាក់ងារចារកម្មក្នុងស្រុក Shin Bet ៕