នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានគេថតឈរនៅលើនាវាមុជទឹក ជាការបង្ហាញដ៏កម្រមួយនូវខែលការពារនុយក្លេអ៊ែររបស់ប្រទេសនេះ នៅថ្ងៃដែលអ្នករៀបចំផែនការយោធាអន្តរជាតិ ជួបប្រជុំគ្នា នៅទីក្រុងឡុងដ្រ៍ ដើម្បីពិភាក្សាអំពីកងកម្លាំងរក្សាសន្តិភាពដែលនឹងជួយគាំទ្រអ៊ុយក្រែន។
លោក Starmer បានទៅពិនិត្យមើលដោយសម្ងាត់នូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នាដើមសប្តាហ៍នេះ ប៉ុន្តែវីដេអូពីដំណើរទស្សនកិច្ចរបស់លោក បែរជាត្រូវបានចេញផ្សាយដោយការិយាល័យរបស់វិមាន Downing Street នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ។ រូបភាពនោះបានបង្ហាញថា លោក Starmer បានជួបជាមួយសមាជិករបស់នាវាមុជទឹក ដែលទើបត្រលប់មកពីការល្បាតរយៈពេលជាច្រើនខែ នៅសមុទ្រ ពោលគឺជាលើកទី ១ ហើយ ដែលនាយករដ្ឋមន្ត្រីអង់គ្លេស បានធ្វើដូច្នេះ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ លោកនឹងធ្វើទស្សនកិច្ចដាច់ដោយឡែកមួយទៅកាន់ទីកន្លែងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅភាគពាយព្យនៃប្រទេសអង់គ្លេស ដើម្បីបង្ហាញពីការចាប់ផ្ដើមជាផ្លូវការនូវការសាងសង់នាវាមុជទឹកប្រភេទ Dreadnought ដែលនឹងទៅជំនួសជាយថាហេតុ ចំពោះនាវាមុជទឹកប្រភេទ Vanguard។
ការធ្វើដំណើរទៅកាន់នាវានេះរបស់លោក Starmer ធ្វើឡើងចំពេលដែលបណ្តាប្រទេសនៅអឺរ៉ុប កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ និងប្រឹងប្រែងកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump វិលទៅកាន់សេតវិមានវិញ។
ប្រមុខយោធាមកពីប្រទេសជាច្រើន នឹងជួបប្រជុំគ្នានៅចក្រភពអង់គ្លេស នាថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីផែនការនៃលទ្ធភាពដែលអាចមានកងកម្លាំងរក្សាសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន៕