ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារទៅកាន់ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa ដោយលោកបានបង្ហាញពីគាំទ្រដល់កិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យស្ថានការណ៍មានស្ថិរភាពនៅក្នុងប្រទេស ហើយបានប្រាប់ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុង «កិច្ចសហប្រតិបត្តិការជាក់ស្តែង»។
សារព័ត៌មាននោះ បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយថា លោក Putin បានបញ្ជាក់ថា «ប្រទេសរុស្ស៊ីកំពុងបន្តត្រៀមខ្លួនជានិច្ច ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយថ្នាក់ដឹកនាំស៊ីរី លើគ្រប់បញ្ហាទាំងអស់ ក្នុងរបៀបវារៈទ្វេភាគី ពោលគឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរុស្ស៊ី-ស៊ីរី»។
ស៊ីរីត្រូវបានធ្វើឲ្យរង្គោះរង្គើដោយការសម្លាប់ពាក់ព័ន្ធនឹងនិកាយសាសនាជាបន្តបន្ទាប់។ ហើយវិមានក្រឹមឡាំង បានលើកឡើងនៅដើមខែនេះថា ខ្លួនចង់ឃើញប្រទេសស៊ីរីមួយដែលរួបរួមគ្នា និងមាន «ភាពជាមិត្ត» ពីព្រោះអស្ថិរភាពនៅទីនោះ អាចប៉ះពាល់ដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។
រុស្សីដែលមានមូលដ្ឋានយោធាដ៏សំខាន់ចំនួន ២ នៅក្នុងប្រទេសស៊ីរី គឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់អតីតប្រធានាធិបតី លោក Bashar al-Assad ដែលបានភៀសខ្លួនទៅរុស្ស៊ី បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាច កាលពីខែធ្នូឆ្នាំមុន៕