នៅថ្ងៃព្រហស្បតិ៍នេះ ស្រ្តីនាំគ្នាអង្គុយយំទួញសោកលើសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេ នៅតាមច្រករបៀងមន្ទីរពេទ្យឥណ្ឌូនេស៊ី ស្ថិតក្នុងទីក្រុង Beit Lahiya នៃតំបន់ហ្កាហ្សាស្រ្ទីប ខណៈសាកសពមនុស្សគរដូចភ្នំ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគខាងជើងដែនដីបិទច្រកមួយនេះ ។
មន្រ្តីសុខភាពហ្កាហ្សានិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៧០នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ ក្រោយពួកគេចាប់ផ្តើមឡើងវិញយុទ្ធនាការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមគ្រូពេទ្យបឋមនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលមានគោលដៅលើផ្ទះជាច្រើនខ្នងនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្កាហ្សា ។ នៅពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលនោះទេ ។
កាលពីថ្ងៃពុធ យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួនបានចាប់ផ្តើមឡើងវិញប្រតិបត្តិការតាមជើងគោក នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងហ្កាហ្សា ក្រោយបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមករា ដួលរលំ ។
ប្រតិបត្តិការតាមជើកគោកថ្មីនេះ បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយជនប៉ាឡេស្ទីនជាង ៤០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមច្រកអាកាស ។
មន្រ្តីសុខភាពប៉ាឡេស្ទីន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចាប់តាំងពីថ្ងៃអង្គាររហូតមក ការវាយប្រហារតាមច្រកអាកាសបានសម្លាប់ជនប៉ាឡេស្ទីន ៥១០នាក់ ក្នុងនោះជាងពាក់កណ្តាលនៃពួកគេ គឺជាស្រ្តី និងកុមារ ។ ពួកគេបន្តថា យុទ្ធនាការអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤៩.០០០នាក់នៅតំបន់ហ្កាហ្សា ហើយនិងបណ្តាលឲ្យកើតមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុត ជាមួយនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទឹកស្អាត ៕

