ចិន៖ យោងតាមការសិក្សាដោយសាកលវិទ្យាល័យ Peking របស់ចិនឲ្យដឹងថា ប្រទេសចិនអាចប្រឈមនឹងការឆ្លងជាង ៦៣០,០០០នាក់ក្នុងមួយថ្ងៃ ប្រសិនបើខ្លួនដកគោលនយោបាយគ្មានការអត់ឱន ដោយការដកការហាមប្រាមការធ្វើដំណើរ។

នៅក្នុងរបាយការណ៍ប្រចាំខែរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការវីរុសដែលបានចេញផ្សាយនៅក្នុងប្រទេសចិន ក្រុមគណិតវិទូបាននិយាយថា ប្រទេសចិនមិនអាចប្រឹងប្រែងដកការរឹតត្បិតបម្រាមធ្វើដំណើរ បានដោយគ្មានការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ឬការព្យាបាលជាក់លាក់នោះទេ។ ដោយការប្រើទិន្នន័យសម្រាប់ខែសីហាពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អេស្ប៉ាញ បារាំង និងអ៊ីស្រាអែល ក្រុមគណិតវិទូបានវាយតម្លៃពីលទ្ធផលដ៏ធ្ងន់ធ្ងរ ប្រសិនប្រទេសចិនជ្រើសរើសយកវិធីសាស្ត្រគ្រប់គ្រងជំងឺរាតត្បាតសកល ដូចបណ្ដាប្រទេសទាំងនោះដែរ។
របាយការណ៍នេះបាននិយាយថា ករណីឆ្លងថ្មីប្រចាំថ្ងៃរបស់ប្រទេសចិននឹងកើនឡើងដល់យ៉ាងតិច ៦៣៧,១៥៥នាក់ ប្រសិនបើដើរតាមវិធីសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងការឆ្លងរាលដាលវីរុសនេះ។ ហើយករណីឆ្លងប្រចាំថ្ងៃនឹងហក់ឡើងដល់ ២៧៥,៧៩៣នាក់បើប្រទេសចិនអនុវត្តន៍តាមវិធីសាស្ត្រដូចចក្រភពអង់គ្លេស និងមានករណីឆ្លង ៤៥៤,១៩៨នាក់ប្រសិនបើធ្វើដូចប្រទេសបារាំង៕
អត្ថបទ៖ សុខមាន