ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងប្រព័ន្ធមីស៊ីលចុងក្រោយប្រឆាំងយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យមើលដំណើរការគ្រប់ជ្រុងជ្រោយនៃប្រព័ន្ធ ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងការផលិតពេញលេញ នៅសហគ្រាសឧស្សាហកម្មសព្វាវុធ ដែលពាក់ព័ន្ធ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងថា ការសាកល្បងនេះ បានបង្ហាញថា ការឆ្លើយតបដ៏រហ័សចំពោះការប្រយុទ្ធនៃប្រព័ន្ធមីស៊ីលចុងក្រោយប្រឆាំងយន្តហោះ គឺមានប្រយោជន៍ខ្លាំង ហើយប្រព័ន្ធសព្វាវុធទាំងមូលមានភាពគួរឲ្យជឿជាក់ខ្ពស់។

លោក Kim Jong Un អគ្គលេខាធិការគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់ប្រទេសកូរ៉េខាងជើង ដែលបានពិនិត្យមើលការបាញ់សាកល្បង បាននិយាយថា យោធាកូរ៉េខាងជើងនឹងត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធការពារ។

ទីភ្នាក់KCNA បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង បានទៅពិនិត្យកំពង់ផែ Nampho ក្នុងដំណើរមួយដើម្បីស្វែងយល់អំពីការកសាងឡើងវិញ និងការពង្រីកសមត្ថភាពផលិតនៃទីតាំងផលិតនាវា។
ក្នុងអំឡុងដំណើរទស្សនកិច្ច លោក Kim បានណែនាំដល់ឧស្សាហកម្មសាងសង់នាវារបស់ប្រទេសឱ្យពន្លឿនទំនើបកម្មរបស់ខ្លួន និងបង្កើនសមត្ថភាពសាងសង់នាវាទាំងមូល ដោយចាត់ទុកថា វាជា «បញ្ហាចម្បង និងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការពង្រឹងកម្លាំងកងទ័ពជើងទឹករបស់ប្រទេស»។