អមដោយសិស្សានុសិស្ស និងបុគ្គលិកអប់រំជាច្រើននាក់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) បានចុះហត្ថលេខាលើក្រឹត្យមួយដែលមានគោលបំណងដើម្បីរុះរើបិទក្រសួងអប់រំសហព័ន្ធ ដែលជាជំហានដើម្បីបញ្ជាក់ការសន្យាយុទ្ធនាការដ៏យូរមកហើយរបស់លោកចំពោះក្រុមអភិរក្សនិយម។

ក្រឹត្យនេះត្រូវបានរៀបចំឡើងដើម្បីបញ្ជូនគោលនយោបាយសាលារៀនស្ទើរតែទាំងស្រុងទៅក្នុងដៃរបស់រដ្ឋរៀងៗខ្លួន និងក្រុមប្រឹក្សាមូលដ្ឋាន ដោយនេះជាការរំពឹងទុកមួយដែលបានបង្កក្ដីបារម្ភក្នុងចំណោមអ្នកតស៊ូមតិលើការអប់រំបែបសេរី។

លោក Trump បាននិយាយនៅក្នុងពិធីចុះហត្ថលេខាមួយនៅសេតវិមានថា ក្រឹត្យថ្ងៃព្រហស្បតិ៍នេះគឺជាជំហានដំបូង "ដើម្បីលុបបំបាត់" ក្រសួងអប់រំអាមេរិក។ ការបិទទីភ្នាក់ងារទាំងស្រុងទាមទារឱ្យមានការអនុម័តពីសភា ហើយលោក Trump មិនទាន់ទទួលបានការបោះឆ្នោតគាំទ្រលើវិធានការនេះទេ។

ការចុះហត្ថលេខានេះបានធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រសួងអប់រំកាលពីសប្តាហ៍មុនថា ខ្លួននឹងបញ្ឈប់បុគ្គលិកជិតពាក់កណ្តាលនៃកម្លាំងពលកម្មរបស់ខ្លួន ដែលស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់លោក Trump ដើម្បីកាត់បន្ថយទំហំនៃរដ្ឋាភិបាលសហព័ន្ធ ដែលលោកចាត់ទុកថាខ្ជះខ្ជាយ និងគ្មានប្រសិទ្ធភាព។
ការអប់រំបានក្លាយជាចំណុចក្ដៅគគុកនៃនយោបាយសហរដ្ឋអាមេរិកជាយូរមកហើយ។ ក្រុមអភិរក្សនិយមគាំទ្រការគ្រប់គ្រងក្នុងតំបន់លើគោលនយោបាយអប់រំ និងជម្រើសសាលារៀនដែលជួយដល់សាលាឯកជន និងសាសនា ចំណែកក្រុមឆ្វេងនិយមភាគច្រើនគាំទ្រការផ្តល់មូលនិធិដ៏រឹងមាំសម្រាប់សាលារដ្ឋ និងកម្មវិធីចម្រុះជំនាញ៕