អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) ថា ជារៀងរាល់ថ្ងៃនៃអំពើហិង្សាជាថ្មីនៅក្នុងតំបន់ហ្កាហ្សា នឹងប៉ះពាល់យ៉ាងខ្លាំងដល់ចំណាប់ថ្នូរ ដោយធ្វើឱ្យការវិលត្រឡប់នៃអ្នកជាប់ឃុំដែលនៅសេសសល់នៅទីនោះ កាន់តែឃ្លាតឆ្ងាយជាងមុន។

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Khaled Khiari បាននិយាយថា ការវិលត្រឡប់ទៅកាន់អរិភាព បានគំរាមកំហែងដល់ជនស៊ីវិលទាំងអស់ រួមទាំងចំណាប់ថ្នូរផងដែរ ដែលក្នុងនោះអ្នកជាប់ឃុំ ២៤នាក់ត្រូវបានគេគិតថានៅមានជីវិត។

ក្រសួងសុខាភិបាលហ្កហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៩០នាក់ទៀតត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ បន្ថែមពីលើការសម្លាប់រាប់រយនាក់រួចទៅហើយ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

លោក Danny Danon ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល បានប្រាប់អង្គប្រជុំថា ការវាយប្រហារលើអ្វីដែលលោកហៅថាជាគោលដៅភេរវកររបស់ក្រុមហាម៉ាស នឹងបន្ត "រហូតដល់រាល់ចំណាប់ថ្នូរចុងក្រោយត្រឡប់មកវិញ"៕