ការពិភាក្សាលើសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់មួយផ្នែកនៅអ៊ុយក្រែន គ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នេះបើតាមការបញ្ជាក់ពីមន្ត្រីអ៊ុយក្រែន និងរុស្ស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Oslo ប្រទេសន័រវែស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា រចនាសម្ព័ន្ធនៃកិច្ចប្រជុំដែលបានគ្រោងទុកសម្រាប់ថ្ងៃចន្ទ នឹងមើលឃើញក្រុមមន្ត្រីសហរដ្ឋអាមេរិកជួបក្រុមអ្នកជំនាញអ៊ុយក្រែនហើយបន្ទាប់មកពិភាក្សាដាច់ដោយឡែកជាមួយក្រុមអ្នកតំណាងរុស្ស៊ី ដោយមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនមិននៅក្នុងបន្ទប់តែមួយទេ។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីន័រវេស លោក Jonas Gahr Store ថា នឹងមានកិច្ចប្រជុំមួយរបស់អ៊ុយក្រែន និងអាមេរិក។
លោក Yuri Ushakov មន្ត្រីទទួលបន្ទុកគោលនយោបាយការបរទេសជាន់ខ្ពស់របស់លោកប្រធានាធិបតី Vladimir Putin បានបញ្ជាក់ថា កិច្ចចរចាទ្វេភាគីរវាងមន្ត្រីរុស្ស៊ី និងអាមេរិក នឹងធ្វើឡើងនៅថ្ងៃចន្ទក្នុងទីក្រុង Riyadh ដោយបន្ថែមថាពួកគេនឹងផ្តោតលើសុវត្ថិភាពនៃការដឹកជញ្ជូននៅសមុទ្រខ្មៅ។

ប្រទេសរុស្ស៊ី នឹងត្រូវបានតំណាងដោយលោក Grigory Karasin អតីតអ្នកការទូតដែលឥឡូវនេះជាប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធកិច្ចការបរទេស និងលោក Sergei Beseda ទីប្រឹក្សានាយកសេវាសន្តិសុខសហព័ន្ធ (FSB) ។
បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយប្រធានាធិបតីអាមេរិក Donald Trump ក្នុងសប្តាហ៍នេះ មេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី បានយល់ព្រមជាគោលការណ៍ក្នុងការផ្អាកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក៕