ក្រុមមន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា ទីក្រុងគីវបានវាយប្រហារលើអាកាសយានដ្ឋានទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) ជាមួយនឹងយានដ្រូន ដោយបង្កឱ្យមានការផ្ទុះដ៏ធំ និងអគ្គិភ័យ ចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ពីសមរភូមិមុខនៃសង្គ្រាម។
វីដេអូប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីការផ្ទុះដ៏ខ្លាំងក្លាមួយ ដែលរាលដាលចេញពីអាកាសយានដ្ឋាន ដោយបានបំផ្លាញទីតាំងជាច្រើននៅក្បែរនោះ។ វីដេអូដែលបានផ្ទៀងផ្ទាត់ផ្សេងទៀតបានបង្ហាញពីផ្សែងដ៏ក្រាស់ឃ្មឹក ហុយឡើងលើមេឃពេលព្រឹកព្រលឹម និងមានអគ្គិភ័យដ៏ធំ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែយ៉ាងតិច ១៣២គ្រឿងពីលើតំបន់រុស្ស៊ី ខណៈអ្នកស្រុកនិយាយថា មនុស្សជាច្រើនរបួស។
មូលដ្ឋាននៅតំបន់ Engels ដែលមានតាំងពីសម័យសូវៀតមកនោះ ជាកន្លែងផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនធ្ងន់ Tu-160 របស់រុស្ស៊ី ដែលត្រូវបានគេស្គាល់ក្រៅផ្លូវការថា ក្ងាន ស (White Swans)។
ក្រសួងការពារជាតិអ៊ុយក្រែន និយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើអាកាសយានដ្ឋាននោះ និងបានបង្កឱ្យមានការផ្ទុះបន្ទាប់បន្សំយ៉ាងធំ។ ទីក្រុងគីវនិយាយថា រុស្ស៊ីបានប្រើមូលដ្ឋាន Engels ដើម្បីធ្វើការវាយប្រហារលើអ៊ុយក្រែន៕