ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) ថា ចំនួនអ្នកស្លាប់ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ៧២ម៉ោងកន្លងទៅនោះ ពោលគឺចាប់តាំងពីថ្ងៃអង្គារសប្ដាហ៍នេះមក បានកើនឡើងលើសពី ៧០០នាក់ហើយ ដោយមានអ្នករបួសជាង ១.០០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលហ្កាហ្សា លោក Khalil Al-Dakran បានប្រាប់សារព័ត៌មាន Anadolu ថា "សាកសពមនុស្ស ៧១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចាប់តាំងពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ថែមពីលើអ្នករបួសជាង ១០០០នាក់"។ អ្នកនាំពាក្យរូបនេះបន្ថែមថា តួលេខ ៧០% នៃអ្នករបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល គឺជាកុមារ និងស្ត្រី។
កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការតាមអាកាសដ៏ភ្ញាក់ផ្អើលមួយនៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ ដោយបំផ្លាញបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ដែលបានធ្វើឡើងក្នុងខែមករា។ ប្រជាជនប៉ាឡេស្ទីនជិត ៥០.០០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ១១២.០០០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងយុទ្ធនាការយោធាអ៊ីស្រាអែលនៅហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្កាហ្សា បានចាត់ទុកកងទ័ពអ៊ីស្រាអែល និងរដ្ឋបាលសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការបន្ត "សម្លាប់រង្គាល" នៅហ្កាហ្សា ដោយសង្កត់ធ្ងន់ថា "ការឈ្លានពាននេះនឹងមិនបង្កការភ័យខ្លាចដល់ប្រជាជនប៉ាឡេស្ទីន ឬបំបែកសាមគ្គីភាពដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនឡើយ"៕