យោធាអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានពង្រីកប្រតិបត្តិការជើងគោកនៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីខ្លួនរាយការណ៍ថាមីស៊ីលជាច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់ពីប្រទេសយេម៉ែន និងក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយក្រុមទាំងនោះបាននិយាយថាពួកគេបានបាញ់រ៉ូកែតឆ្ពោះទៅទីក្រុង Tel Aviv ។
ការបាញ់រ៉ូកែតពីក្រុមហាម៉ាស គឺជាការឆ្លើយតបយោធាលើកដំបូងរបស់ខ្លួនចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់របស់ជនស៊ីវិលពីការបន្តការទម្លាក់គ្រាប់បែកពីលើអាកាស និងប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាក្នុងសប្តាហ៍នេះ ដែលបានសម្លាប់មនុស្សជាង៧០០នាក់។
ការវាយលុកនេះបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងក្លា និងបានបំបែកភាពស្ងប់ស្ងាត់មួយរយៈ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ជាទីដែលបទឈប់បាញ់បានចាប់ផ្តើមកាលពីថ្ងៃទី១៩ ខែមករា។ ការពិភាក្សាលើការពង្រីកបទឈប់បាញ់បានឈានដល់ភាពជាប់គាំង ហើយអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានទីភ្នាក់ងារចារកម្មផ្ទៃក្នុង Shin Bet របស់អ៊ីស្រាអែល ត្រូវបានបណ្តេញចេញពីតំណែង ប៉ុន្មានថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បាននិយាយថាលោកលែងទុកចិត្តតទៅទៀតហើយ ។
អង្គភាពប្រដាប់អាវុធក្រុមហាម៉ាស គឺកងពលតូច Ezzedine al-Qassam បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ូកែត្រទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់រង្គាលមនៅហ្កាហ្សា៕