មនុស្សម្នាក់ដែលដឹងច្បាស់អំពីបញ្ហា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបើកកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ នៅសេតវិមាន នៅដើមសប្តាហ៍ក្រោយ។ កិច្ចប្រជុំដែលបានគ្រោងទុកនេះ បន្ទាប់ពីលិខិតមួយច្បាប់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផ្ញើទៅកាន់មេដឹកនាំប្រទេសអ៊ីរ៉ង់ កាលពីដើមខែនេះ ដែលលោកបានព្រមានទីក្រុងតេអេរ៉ង់ ថា ទីក្រុងនេះមានជម្រើសក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បើមិនដូច្នេះទេប្រឈមនឹងសកម្មភាពយោធា ដែលអាចកើតមាន។
ប្រភពដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់សារព័ត៌មានរ៉យទ័រថា គណៈប្រតិភូអ៊ីស្រាអែលនឹងដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer និងទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi ហើយនឹងជួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump ។
ប្រភពបាននិយាយថា ក្រុមទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងបញ្ហាក្នុងតំបន់ទាក់ទងនឹងទីក្រុងតេអេរ៉ង់។
លោក Trump បាននិយាយថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក Ayatollah Ali Khamenei មេដឹកនាំកំពូលប្រឆាំងលោកខាងលិចដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ ជាអ្នកដែលបានឆ្លើយតបថា ទីក្រុង តេអេរ៉ង់ នឹងមិនត្រូវបានគំរាមកំហែងក្នុងការចរចាឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងតេអេរ៉ង់ នឹងពិចារណាលើ «ឱកាស» ព្រមទាំងការគំរាមកំហែងនៅក្នុងលិខិតរបស់លោក Trump ។