ក្រុមនិស្សិតឥណ្ឌូណេស៊ីបានចេញតវ៉ាប្រឆាំងការសម្រេចចិត្តរបស់សភាក្នុងការអនុម័តវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំពោះសំណើច្បាប់យោធារបស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ ២០ មីនា ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀត សម្រាប់មន្រ្តីយោធា ដែលបង្កឲ្យមានការតវ៉ាតាមផ្លូវប្រឆាំងនឹងការផ្លាស់ប្តូរដែលរំពឹងថានឹងកើតឡើង។

លោកប្រធានាធិបតី Prabowo Subianto ដែលបានចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុន និងជាមេបញ្ជាការកងកម្លាំងពិសេសក្រោមការដឹកនាំរបស់លោក Suharto បានពង្រីកតួនាទីរបស់កងកម្លាំងប្រដាប់អាវុធចូលទៅក្នុងតំបន់ដែលត្រូវបានចាត់ទុកថាជាតំបន់ស៊ីវិល រួមទាំងកម្មវិធីដ៏ពេញនិយមរបស់លោកសម្រាប់ការផ្ដល់អាហារដោយឥតគិតថ្លៃដល់កុមារ។

សំណើច្បាប់នេះត្រូវបានរិះគន់ដោយក្រុមសង្គមស៊ីវិលដែលនិយាយថាអាចនាំយកប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកត្រលប់ទៅយុគសម័យសណ្ដាប់ធ្នាប់ 'New Order' ដ៏ធ្ងន់ធ្ងររបស់អតីតប្រធានាធិបតីបុរសខ្លាំង Suharto ជាទីដែលមន្ត្រីយោធាគ្រប់គ្រងកិច្ចការស៊ីវិល។

អ្នកតវ៉ាឈ្មោះ Usman Hamid ដែលបានចូលរួមក្នុងការតវ៉ាប្រឆាំងលោក Suharto ក្នុងរជ្ជកាលរបស់លោកមុនពេលកំណែទម្រង់ឆ្នាំ១៩៩៨ បាននិយាយថា ការតតាំងរបស់យើងដើម្បីលុបបំបាត់តួនាទីយោធាចេញពីផ្នែកនយោបាយសង្គមស៊ីវិល គឺពិបាកណាស់។ យើងបានលះបង់ច្រើនណាស់ និស្សិតត្រូវបានសម្លាប់ មនុស្សរាប់ពាន់នាក់ត្រូវស្លាប់ ហើយថ្ងៃនេះហាក់ដូចជាយើងដើរថយក្រោយ ។
រដ្ឋាភិបាលបាននិយាយថា សំណើច្បាប់នេះ តម្រូវឱ្យមន្រ្តីលាលែងពីយោធា មុនពេលចូលកាន់មុខតំណែងស៊ីវិលនៅនាយកដ្ឋាននានា ដូចជាលេខាធិការដ្ឋានរដ្ឋ និងការិយាល័យរដ្ឋអាជ្ញា។ សមាជិកសភាម្នាក់ក៏បាននិយាយផងដែរថា មន្រ្តីមិនអាចចូលរួមជាមួយក្រុមហ៊ុនរបស់រដ្ឋ ដើម្បីប្រឆាំងនឹងការព្រួយបារម្ភថាយោធានឹងចូលរួមក្នុងអាជីវកម្ម៕