នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា កិច្ចពិភាក្សាយោធាលោកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ បានផ្តោតសំខាន់លើព័ត៌មានលម្អិតនៃផែនការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែន ជាចំណាត់កាដ៏សំខាន់ក្នុងការធ្វើឱ្យប្រាកដថា លោកខាងលិចអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខារវាងទីក្រុងគីវ និងទីក្រុងមូស្គូ។
កិច្ចប្រជុំរបស់អ្នករៀបចំផែនការយោធា មកពីក្រុមដែលគេហៅថា «ក្រុមចម្រុះនៃឆន្ទៈ» នៃបណ្តាប្រទេសលោកខាងលិច គឺជាកិច្ចប្រជុំលើកទី២ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ធ្វើឱ្យអឺរ៉ុបភ្ញាក់ផ្អើល ដោយការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
លោក Starmer ដែលបានមើលឃើញការកើនឡើងប្រជាប្រិយភាពរបស់លោក ចាប់តាំងពីបានដើរតួឈានមុខក្នុងការរៀបចំការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែនជាមួយប្រទេសបារាំង បាននិយាយថា កិច្ចពិភាក្សាបានផ្តោតលើ «ការរៀបចំផែនការយោធា ប្រតិបត្តិការយោធា» ដើម្បីគាំទ្រដល់អ៊ុយក្រែន។ លោក Starmer និយាយថា អ៊ុយក្រែនមានសុវត្ថិភាព និងអធិបតេយ្យភាព នឹងត្រូវការ «ការរៀបចំសន្តិសុខ ដើម្បីធានាបានថា ប្រសិនបើមានកិច្ចព្រមព្រៀង វាគឺជាកិច្ចព្រមព្រៀងដែលត្រូវបានការពារ»។
អ្នកនាំពាក្យរបស់លោក និយាយថា មានប្រទេសជាង ២០ បានចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់ ឬពីចម្ងាយតាមអ៊ីនធឺណិត ហើយពួកគេពិភាក្សាអំពី «ព័ត៌មានលម្អិតនៃសំណើសន្តិភាព» មិនត្រឹមតែកងរក្សាសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ពីរបៀបដើម្បីផ្តល់កងទ័ពឬយុទ្ធោបករណ៍ និងការដឹកជញ្ជូនផ្សេងទៀត។