គណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង គ្រោងនឹងនាំយកញត្តិមួយដើម្បីចោទប្រកាន់ទម្លាក់តំណែងលើប្រធានាធិបតីស្តីទី លោក Choi Sang-mok នៅថ្ងៃសុក្រ (២១ មីនា) នេះ នេះបើតាមសេចក្តីជូនដំណឹងមួយរបស់បក្សប្រឆាំង ប្រជាធិបតេយ្យ នៅក្នុងសកម្មភាពដែលទំនងជាបង្កើនជម្លោះនយោបាយនៅក្នុងប្រទេសនាពេលថ្មីៗនេះ។
សេចក្តីជូនដំណឹងបាននិយាយថា ញត្តិចោទប្រកាន់ទម្លាក់តំណែងនោះនឹងត្រូវបញ្ជូនទៅសភានៅម៉ោង ២រសៀល (ម៉ោងក្នុងស្រុក) ខណៈតារាងពេលវេលាសម្រាប់ការបោះឆ្នោតមិនទាន់ច្បាស់លាស់ភ្លាមៗនោះទេ។ លោក Choi ដែលមានតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ កំពុងដឹកនាំប្រទេសក្នុងនាមស្ដីទី បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol រងការចោទប្រកាន់ទម្លាក់តំណែងដូចគ្នានេះ ដោយសារតែច្បាប់អាជ្ញាសឹករយៈពេលខ្លីដែលលោកបានប្រកាសកាលពីខែធ្នូ។
លោក Choi បានធ្វើឱ្យបក្សប្រឆាំងដែលមានសំឡេងភាគច្រើននៅក្នុងសភាមួយនេះ ខឹងសម្បារ ដោយសារលោកបានបោះឆ្នោតវេតូម្តងហើយម្តងទៀត និងបញ្ឈប់ការតែងតាំងចៅក្រមតុលាការធម្មនុញ្ញដែលអនុម័តដោយរដ្ឋសភា។
បក្សប្រជាធិបតេយ្យនេះនិយាយថា លោក Choi បានរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយបដិសេធមិនតែងតាំងចៅក្រមតុលាការធម្មនុញ្ញ បើទោះបីជាមានសេចក្តីសម្រេចដោយតុលាការកំពូលថា ការបដិសេធបែបនេះកំពុងរំលោភលើសិទ្ធិអំណាចរបស់សភាក៏ដោយ៕


