ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសនិយាយថា ទាហានរុស្ស៊ីរហូតដល់២៥០,០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានវាយលុកលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ក្រសួង បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី ទំនងជាអាចរងរបួសប្រហែល៩០០.០០០នាក់ ហើយពី២០០.០០០នាក់ទៅ២៥០.០០០នាក់ត្រូវបានសម្លាប់។ ការស្លាប់នេះគឺជាការបាត់បង់ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
ក្រសួងនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងថ្នាក់ដឹកនាំយោធារុស្ស៊ី ប្រាកដណាស់ថា ពិតជាបានត្រៀមខ្លួនក្នុងការអត់ធ្មត់ចំពោះអត្រាអ្នកស្លាប់និងរងរបួសខ្ពស់ ដរាបណាវាមិនប៉ះពាល់អវិជ្ជមានដល់ការគាំទ្រសាធារណៈ ហើយការបាត់បង់ទាំងនោះ អាចត្រូវបានដាក់ជំនួស។
ក្រសួងក៏និយាយផងដែរថា លោក Putin និងថ្នាក់ដឹកនាំ ទំនងជាផ្តល់តម្លៃតិច ទៅលើជីវិតរបស់ពលរដ្ឋរុស្ស៊ីជនជាតិភាគតិចមកពីតំបន់ក្រីក្រ ជាកន្លែងដែលកិច្ចខិតខំប្រឹងប្រែងជ្រើសរើសកងទ័ពត្រូវបានផ្តោតសំខាន់នៅទីនោះ។