ជម្លោះការទូតរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា បានផ្ទុះឡើងយ៉ាងតានតឹងកាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបដិសេធការអះអាងរបស់វេណេស៊ុយអេឡា អំពីជើងហោះហើរមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ពីម៉ិកស៊ិក ហើយវេណេស៊ុយអេឡាបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបានរារាំងជើងហោះហើរនោះ។
ការចោទដាក់គ្នាទៅមកនេះ កើតឡើងនៅពេលយន្តហោះដឹកជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលត្រូវបាននិរទេស បានចុះចតនៅលើទឹកដីវេណេស៊ុយអេឡា បន្ទាប់ពីចាកចេញពីម៉ិកស៊ិក នៅក្នុងអ្វីដែលហាក់ដូចជាជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបណ្តេញជនអន្តោប្រវេសន៍យ៉ាងឆាប់រហ័ស។

ខណៈដែលជនជាតិវេណេស៊ុយអេឡា ៣១១នាក់ដែលធ្លាប់នៅអាមេរិក ត្រូវបានបញ្ជូនតាមយន្តហោះពីម៉ិកស៊ិក ទៅទីក្រុងការ៉ាកាស នៅព្រឹកថ្ងៃដដែលនោះ ការិយាល័យរបស់ក្រសួងការបរទេសអាមេរិក ចោទរដ្ឋាភិបាលវេណេស៊ុយអេឡាថាបានកុហកអំពីជើងហោះហើរ។ ប៉ុន្តែប្រធានសភាវ៉េណេស៊ុយអេឡា លោក ហូរហេ រ៉ូឌ្រីហ្គេស (Jorge Rodriguez) អះអាងថា ប្រទេសអាមេរិកខាងត្បូងមួយនេះត្រៀមខ្លួនជាស្រេចក្នុងការបន្តហោះហើរត្រង់ពីអាមេរិក ឡើងវិញដើម្បីដឹកជនអន្តោប្រវេសន៍ ដោយចោទមន្ត្រីអាមេរិកថាបានរារាំងរឿងនេះ។
រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា បានប្រាប់ទូរទស្សន៍រដ្ឋថា ជើងហោះហើរកាលពីថ្ងៃព្រហស្បតិ៍ បាននាំឱ្យចំនួនសរុបនៃជនអន្តោប្រវេសន៍វេណេស៊ុយអេឡាដែលទើបនឹងនិរទេសខ្លួន ឡើងដល់ ៩២០នាក់ ហើយបានអះអាងថា ដោយសារ "កិច្ចព្រមព្រៀងដោយផ្ទាល់ជាមួយរដ្ឋាភិបាលម៉ិកស៊ិក" ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ៕

