សភាអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) បានសម្រេចអនុម័តក្របខណ្ឌសម្រាប់កញ្ចប់ថវិការដ្ឋឆ្នាំ២០២៥ និងផែនការសេដ្ឋកិច្ចដែលភ្ជាប់មកជាមួយ ក្នុងការជម្រះឧបសគ្គនយោបាយសំខាន់ៗ ដែលទំនងជាបើកផ្លូវសម្រាប់ការអនុម័តជាផ្លូវការចុងក្រោយនៅចុងខែនេះ ដើម្បីបញ្ចៀសការដួលរលំនៃរដ្ឋាភិបាល។
ថវិកាបច្ចុប្បន្នសម្រាប់ឆ្នាំ២០២៥ បានកំណត់គោលដៅឱនភាពអតិបរមា ៤,៩% នៃផលិតផលក្នុងស្រុកសរុប GDP ដែលខ្ពស់ជាងតួលេខដំបូង ៤,៤%។ ការចំណាយសរុបនឹងមាន ៦១៩ពាន់លានស្ហាកែលអ៊ីស្រាអែល (១៦៩,១៩ ពាន់លានដុល្លារអាមេរិក) ដោយមិនរាប់បញ្ចូលសេវាបំណុលនោះទេ ដែលស្ថិតក្នុងតួលេខ ១៣,៦% ខ្ពស់ជាងឆ្នាំមុន។

ឱនភាពធ្លាប់នៅតួលេខ ៦,៨% នៃផលិតផលក្នុងស្រុកសរុបកាលឆ្នាំ២០២៤ ជាឆ្នាំដែលទីភ្នាក់ងារវាយតម្លៃទំនុកចិត្តឥណទានទាំង៣ បានកាត់បន្ថយចំណាត់ថ្នាក់ឥណទានរបស់អ៊ីស្រាអែល។ សេដ្ឋកិច្ចរបស់អ៊ីស្រាអែល បានកើនឡើង ០,៩% ក្នុងឆ្នាំ២០២៤ ហើយត្រូវបានគេព្យាករថានឹងកើនឡើងប្រហែល ៤% នៅឆ្នាំ២០២៥ នេះ ទោះបីជាកំពុងធ្វើសង្រ្គាមនៅដែនដីហ្កាហ្សាក៏ដោយ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich សង្ឃឹមថា ថវិកានឹងត្រូវបានអនុម័តនៅចុងឆ្នាំ២០២៤ ប៉ុន្តែជម្លោះនយោបាយក្នុងចំណោមដៃគូចម្រុះ បានពន្យារពេលការបោះឆ្នោតចុងក្រោយ។ ការខកខានមិនបានអនុម័តថវិកានៅចុងខែមីនានេះ នឹងបង្កឱ្យមានការដួលរលំនៃរដ្ឋាភិបាល និងការបោះឆ្នោតមុនអាណត្តិ៕

