យោធាអ៊ុយក្រែន ដែលប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តី បានរាយការណ៍ពីការវាយប្រហារ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមីនានេះ លើស្ថានីយ៍បូមនិងវាស់ស្ទង់ឧស្ម័នដែលទើបបិទកាលពីពេលថ្មីៗនេះ នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនស្ថិតនៅក្រោមសម្ពាធរយៈពេល៧ ខែមកនេះ បន្ទាប់ពីការវាយលុកឆ្លងព្រំដែន។
វីដេអូ ពីយានដ្រូន ដែលត្រូវបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញពីស្ថានីយ៍ឧស្ម័នមួយកន្លែងនៅក្រុង Sudzha ក្នុងតំបន់ Kursk ប្រទេសរុស្ស៊ី កំពុងឆេះក្នុងណ្តាតភ្លើង។
ស្ថានីយ៍នៅ ក្រុង Sudzha គឺជាចំណុចតែមួយគត់ដែលឧស្ម័នរុស្ស៊ី ឆ្លងកាត់ផ្លូវតាមប្រទេសអ៊ុយក្រែន ទៅកាន់អឺរ៉ុបរហូតដល់អ៊ុយក្រែនបដិសេធមិនបន្តកិច្ចព្រមព្រៀងឲ្យឆ្លងកាត់ កាលពីខែមករា ឆ្នាំនេះ។ ចំណុចឆ្លងកាត់ទីពីរ ត្រូវបានបិទនៅក្នុងឆ្នាំ២០២២។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ថា អ៊ុយក្រែន បានរំលោភលើបទឈប់បាញ់ដែលបានស្នើឡើងរួចហើយ នៅលើទីតាំងថាមពលនៅក្នុងសង្រ្គាមរយៈពេល៣ឆ្នាំមកនេះ ដោយវាយប្រហារលើឃ្លាំងប្រេងនៅក្នុងតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៊ី។